ព័ត៌មានជាតិ

អបអរសាទរ! ខួប២១ឆ្នាំ​ ដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ

image

ភ្នំពេញ៖​ ល្ខោនស្រមោលស្បែកធំ ត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​ របស់អង្គការយូណេស្កូ​ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥​។ មកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦​ មានរយៈពេល២១ឆ្នាំ។

សូមបញ្ជាក់ថា​ ល្ខោនស្បែកធំទាមទារឱ្យមានផ្ទាំងស្បែកធំៗជាច្រើនរយផ្ទាំងដែលដាប់ឆ្លាក់ឱ្យចេញជាតួអង្គ ឬអន្លើណាមួយក្នុងសាច់រឿងរាមកេរ្តិ៍សម្រាប់លើកយកមកជើតសម្តែងតាមលំដាប់សាច់រឿង។ ល្ខោននេះសម្តែងដោយមានវង់ភ្លេងពិណពាទ្យកំដរ និងមានអ្នកពោលលើកដាក់សំឡេងរៀបរាប់ដំណើរ រឿង។ គេតែងយកស្បែកគោមកឆ្លាក់តួអង្គផ្សេងៗតែចំពោះតួអង្គសំខាន់ៗដូចជា ឥសី និងព្រះរាម គេច្រើនយកស្បែកខ្លាឃ្មុំ​ ឬខ្លាធំហើយការឆ្លាក់ទៀតសោត ត្រូវប្រតិបត្តិតាមទំនៀម និងតំណម​ ផងដែរ។

ជាទូទៅការសម្តែង ល្ខោនស្បែកធំ គេធ្វើនៅពេលយប់។ ពីសម័យបុរាណ្យគេដុតភ្នក់ភ្លើងឆ្លុះបំភ្លឺខាងក្រោយផ្ទាំងក្រណាត់ស​ តែបច្ចុប្បន្នគេប្រើពន្លឺភ្លើងអគ្គិសនីជំនួស ដើម្បីឱ្យអ្នកសម្តែងលើកយកផ្ទាំងស្បែកនីមួយៗមកជើតឆ្លុះនឹងពន្លឺនោះ។

ការសម្តែងស្បែកធំក៏ត្រូវការភ្លេងពិណពាទ្យប្រគំកំដរ និងត្រូវមានអ្នកពោលរៀបរាប់ដំណើររឿង ផងដែរ។ ពេលសាច់រឿងសម្តែងមកដល់ឈុតឆាកចម្បាំងដែលមានតួងអង្គប្រយុទ្ធគ្នា ជួលកាលអ្នកជើតត្រូវដាក់ស្បែកចុះ ហើយ សម្តែងជាការប្រយុទ្ធគ្នាទៅតាមចលនានៃសាច់រឿងយ៉ាងរស់រវើក។

ដោយសារគុណតម្លៃនៃទម្រង់ល្ខោនស្បែកធំដាក់ជ្រៅក្នុង វប្បធម៌ខ្មែរ និងយោងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការយូណេស្កូបានទទួលស្គាល់ និងចុះល្ខោនស្បែកធំ ក្នុងបញ្ជីស្នាដៃឯក នៃមត៌កវប្បធម៌អរូបីរបស់មនុស្សជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥៕