ព័ត៌មានជាតិ

សមយុទ្ធ «នាគមាស ឆ្នាំ២០២៦» ចាប់ផ្តើមជាផ្លូវការ នៅមូលដ្ឋានសមុទ្ររាម បង្ហាញពីចំណងមិត្តភាពដែកថែប និងជំនឿទុកចិត្តជាយុទ្ធសាស្ត្រ កម្ពុជា-ចិន

image

ព្រះសីហនុ៖ សមយុទ្ធយោធាទ្វេភាគីរវាងកម្ពុជា និងចិន ក្រោមឈ្មោះថា «នាគមាស ឆ្នាំ២០២៦» បានបើកដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមនាវីទោ លីវ ស៊ូមីង (Liu Shuming) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក ទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន។

ប្រធានបទ និងសារៈសំខាន់នៃសមយុទ្ធលើកទី៨ នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ គឺជាសក្ខីភាពជាក់ស្តែងបំផុត ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តជាយុទ្ធសាស្ត្រ ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងនាមជា «មិត្តដែកថែប» រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ បន្ទាប់ពីបានសហការរៀបចំដោយជោគជ័យចំនួន ៧លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦។
ការពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ទៀតថា សមយុទ្ធនាគមាស ២០២៦ មិនត្រឹមតែជាការអនុវត្តផែនការសហប្រតិបត្តិការយោធាប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែគឺជាជំហានថ្មីមួយទៀត ដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ។ ការណ៍នេះ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី» ប្រកបដោយគុណភាព និងស្តង់ដារខ្ពស់ ស្របតាមស្មារតីដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជីនពីង កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។

តាងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល កងទ័ពរំដោះប្រជាជនចិន និងប្រជាជនចិន ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងទាន់ពេលវេលាដល់កម្ពុជា ទាំងផ្នែកស្មារតី សម្ភារៈ និងបច្ចេកទេស។ ជំនួយទាំងនោះ រួមមានការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយោធា ការធ្វើទំនើបកម្មវិស័យការពារជាតិ និងការធ្វើសមយុទ្ធរួមគ្នាជាបន្តបន្ទាប់ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការជាក់ស្តែងរបស់កងទ័ពកម្ពុជានៅលើទីលាន៕
អត្ថបទ៖ ប៉ៃ សុឃីម