សម្តេចធិបតីនាយករដ្ឋមន្ត្រី អរគុណដល់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ដែលបានរៀបចំកម្មវិធីកម្សាន្តនានា ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អ ដល់មហាគ្រួសារខ្មែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងតាមរយះសំណេរលើបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី ២៦ វិច្ឆិកានេះ ថា “ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសបានដំណើរការរយៈពេល ៣ថ្ងៃ ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ដែលបានមានវត្តមាននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជានៅទូទាំង ២៥ រាជធានី-ខេត្ត”។សម្តេចក៏បានថ្លែងអរគុណដល់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងក្រុមការងារដែលពាក់ព័ន្ធ រួមទាំងក្រុមការងារស្ម័គ្រចិត្ត ដែលបានចំណាយពេលវេលារៀបចំកម្មវិធីកម្សាន្តនានា ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អ រក្សាអនាម័យ ព្រមទាំងចូលរួមសហការរៀបចំក្នុងការបង្កភាពសប្បាយរីករាយជូនដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវទេសចរបានចូលរួមលេងនៅតាមរមណីយដ្ឋាននានាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ”។
ក្នុងឱកាសនេះ សម្តេចធិបតីក៏សូមជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងពេលធ្វើដំណើរ និងសូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ព្រមទាំងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ