ព័ត៌មានជាតិ

សមាជិកព្រឹទ្ធសភាអាមេរិក ជម្រាបសម្តេចធិបតី ថានឹងគាំទ្រផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញអាម៉េរិកលើវិស័យថាមពល និងធនធានរ៉ែ សំដៅពង្រឹងភាពធន់ នៃសេដ្ឋកិច្ចកម្ពុជា

image

ឯកឧត្តមសមាជិកព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ជូនសម្ដេចធិបតីផងដែរថា “កម្ពុជា និងសហរដ្ឋអាមេរិក នៅមានសក្តានុពលលើវិស័យសំខាន់ៗជាច្រើនទៀត ដែលអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានទាំងវិស័យថាមពល និងធនធានរ៉ែ “។ ឯកឧត្តមបានគូសបញ្ជាក់ពីការគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញរបស់សហរដ្ឋអាម៉េរិកលើវិស័យទាំងពីរនេះ សំដៅពង្រឹងភាពធន់ នៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
ការជម្រាបបែបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Steve Daines សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ នៃរដ្ឋ Montana ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
 
ក្នុងឱកាសនៃជំនួប, ឯកឧត្តមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ដូចជាការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងភាពរួសរាយរាក់ទាក់ប្រកបដោយភាពស្មោះត្រង់ របស់ប្រជាជនកម្ពុជា។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។
 
សម្តេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមសមាជិកព្រឹទ្ធសភាអាមេរិក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា នាឱកាសនេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។ សម្តេចធិបតីបានសម្តែងនូវការពេញចិត្តចំពោះសកម្មភាពធុរកិច្ចរបស់បណ្តាក្រុមហ៊ុន និងសហគ្រាសអាមេរិក ដែលកំពុងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានបង្ហាញជំនឿជាក់ថា វិនិយោគិនអាមេរិកនឹងបន្តស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
 
សម្តេចធិបតី និងឯកឧត្តមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាប្រឈមសំខាន់ៗដែលជាផលប្រយោជន៍រួម ក្នុងនោះរួមមាន ការវិវត្តនៃស្ថានភាពប្រជាសាស្ត្រ និងការថែរក្សាសុខសន្ដិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។
 
សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានដើរតួនាទី និងជួយសម្របសម្រួលយ៉ាងសកម្ម ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ នាពេលកន្លងមក និងនៅតែបន្តយកចិត្តទុក ចំពោះ ស្ថានភាព ព្រំដែន កម្ពុជា-ថៃ ហើយសហរដ្ឋអាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែង ការណ៍រួម ទីក្រុង កូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥។

សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្ដមសមាជិកព្រឹទ្ធសភាអាមេរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ