អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសខួបចម្រើនជន្មាយុ
ភ្នំពេញ៖ ក្នុងឱកាសដ៏វិសេសវិសាលជ័យមង្គលាភិរម្យ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមអនុញ្ញាតសម្តែងនូវគារវកិច្ច និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរគោរពជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។
ឆ្លៀតនៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពកោតសរសើរស្ញប់ស្ញែង ចំពោះការដឹកនាំ ប្រកបដោយភាពអង់អាច មោះមុត និងទំនួលខុសត្រូវខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលតែងតែខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងការដឹកនាំក្រសួងមុខងារសាធារណៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍ជាតិនិងប្រជាជន ជាពិសេស ចូលរួមបន្តថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យឲ្យកាន់តែមានភាពរឹងមាំនិងរុងរឿងថែមទៀត។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕