ក្រុមហ៊ុនផលិតមី Mama របស់ថៃ សម្រេចបិទរោងចក្រនៅកម្ពុជា ក្រោយដំណើរការជាង ២០ឆ្នាំ ខណៈធ្លាប់គ្រប់គ្រងចំណែកទីផ្សារដល់ ៨០% មុនពេលមានជម្លោះព្រំដែន
ភ្នំពេញ៖ ក្រុមហ៊ុន Thai President Foods ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ម៉ាក Mama ដ៏ល្បីរបស់ថៃ បានសម្រេចបិទរោងចក្ររបស់ខ្លួននៅកម្ពុជា បន្ទាប់ពីដំណើរការអស់រយៈពេលជាង ២០ឆ្នាំ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ការមិនគាំទ្រផលិតផលថៃពីសំណាក់អ្នកប្រើប្រាស់ និងការប្រកួតប្រជែងកាន់តែខ្លាំង។ ទោះជាយ៉ាងណា ក្រុមហ៊ុនរំពឹងថា ការបិទអាជីវកម្មនៅកម្ពុជានេះ នឹងប៉ះពាល់ដល់ប្រាក់ចំណេញសរុបរបស់ខ្លួនត្រឹមប្រមាណ ១-២% ប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន Prachachat Business ដែលត្រូវសារព័ត៌មាន Khaosod ដកស្រង់ផ្សាយ បានរាយការណ៍ថា លោក Phan Phaniengvet នាយកក្រុមហ៊ុន Thai President Foods បានឱ្យដឹងថា ការសម្រេចចិត្តបិទរោងចក្រនេះ គឺដោយសារក្រុមហ៊ុនជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ រួមមានការបិទច្រកព្រំដែន ការមិនគាំទ្រផលិតផលថៃពីសំណាក់អ្នកប្រើប្រាស់ បញ្ហាបំណុលដែលមិនទាន់ទូទាត់ និងការលំបាកក្នុងការចែកចាយផលិតផលទៅកាន់ទីផ្សារ។
លោកបានបញ្ជាក់ថា កាលពីមុន ម៉ាកមី Mama ធ្លាប់គ្រប់គ្រងចំណែកទីផ្សារមីកញ្ចប់នៅកម្ពុជារហូតដល់ ៧០-៨០%។ ប៉ុន្តែដោយសារការរំខានដល់ប្រតិបត្តិការអាជីវកម្មអូសបន្លាយពេលយូរ បានបើកឱកាសឱ្យម៉ាកផលិតផលក្នុងស្រុក និងគូប្រកួតប្រជែងមកពីប្រទេសចិន វៀតណាម ឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូង ដណ្តើមបានចំណែកទីផ្សារកាន់តែច្រើន។
មុនពេលមានជម្លោះព្រំដែន ក្រុមហ៊ុនបាននាំចេញមីកញ្ចប់ពីប្រទេសថៃមកកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានបាត (២,៩៤លានដុល្លារអាម៉េរិក) ក្នុងមួយខែ ខណៈរោងចក្ររបស់ក្រុមហ៊ុននៅកម្ពុជាក៏មានការលក់ក្នុងទំហំប្រហាក់ប្រហែលគ្នាដែរ ពោលគឺមានតម្លៃប្រមាណ ១ពាន់លានបាត (២៩,៥លានដុល្លារអាម៉េរិក) ក្នុងមួយឆ្នាំ។
លោក Phan បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានប្រាក់ចំណូលប្រចាំឆ្នាំសរុបលើសពី ២០ពាន់លានបាត (៥៩០លានដុល្លារអាម៉េរិក) និងប្រាក់ចំណេញជាង ៣ពាន់លានបាត (ជាង ៨៨លានដុល្លារអាម៉េរិក)។ ការបាត់បង់អាជីវកម្មនៅកម្ពុជាត្រូវបានរំពឹងថា នឹងធ្វើឱ្យប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនថយចុះប្រមាណ ៣០លានបាត (៨៨,៥ម៉ឺនដុល្លារអាម៉េរិក) ឬមិនលើសពី ១-២% នោះទេ។ តួលេខនេះមិនទាន់រាប់បញ្ចូលការខាតបង់ផ្នែកគណនេយ្យដែលអាចកើតមានពីការធ្លាក់ចុះតម្លៃទ្រព្យសកម្ម ឬការខូចខាតរោងចក្រឡើយ។
លោកបានបន្ថែមថា ក្រុមហ៊ុនធ្លាប់ពិចារណាលើជម្រើសមួយចំនួន ដើម្បីដោះស្រាយការមិនគាំទ្រផលិតផលថៃនៅកម្ពុជា ដូចជាការបង្កើតម៉ាកយីហោថ្មី ការប្តូរឈ្មោះក្រុមហ៊ុន ឬកាត់បន្ថយការបង្ហាញអត្តសញ្ញាណជាផលិតផលថៃ ប៉ុន្តែចុងក្រោយក្រុមហ៊ុនបានសម្រេចមិនអនុវត្តជម្រើសទាំងនេះទេ។
លោកបានអះអាងថា ក្រុមហ៊ុនមិនមានជម្លោះជាមួយអ្នកប្រើប្រាស់នៅកម្ពុជានោះទេ ហើយក៏មិនបានបិទលទ្ធភាពក្នុងការវិលត្រឡប់មកកាន់ទីផ្សារកម្ពុជាវិញដែរ ប្រសិនបើស្ថានភាពប្រសើរឡើងនាពេលអនាគត។
ជាមួយគ្នានេះ លោកបានលើកឡើងថា បញ្ហាប្រឈមសំខាន់ជាងគេសម្រាប់ក្រុមហ៊ុននៅឆ្នាំក្រោយ គឺការកើនឡើងថ្លៃវត្ថុធាតុដើម។ ដូច្នេះ ក្រុមហ៊ុន Thai President Foods ត្រូវស្វែងរកប្រភពចំណូលថ្មីៗ ដើម្បីទប់ទល់នឹងការកើនឡើងថ្លៃដើម ដោយមិនចាំបាច់ដំឡើងថ្លៃលក់ផលិតផល។
ការសម្រេចចិត្តបិទរោងចក្ររបស់ក្រុមហ៊ុនផលិតមី Mama នេះ កើតឡើងស្របពេលដែលក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់ថៃ ក៏កំពុងកាត់បន្ថយប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាផងដែរ។ ជាក់ស្តែង ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករហាងលក់ទំនិញ 7-Eleven បានប្រកាសថា នឹងបញ្ឈប់ប្រតិបត្តិការអាជីវកម្មទាំងអស់របស់ខ្លួននៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ តទៅ។
យោងតាមសារព័ត៌មាន Prachachat Business ចំនួនហាង 7-Eleven នៅកម្ពុជាបានថយចុះពី ១១២ហាង គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥ មកនៅត្រឹម ២៣ហាងប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ចំពេលបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនៅតែបន្តអូសបន្លាយ៕