ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា រឹបអូសបន្លែមានជាតិពុលនាំពីវៀតណាមជាង ៥តោន និងបានដុតកម្ទេចចោលនៅច្រកព្រំដែនជ្រៃធំ

image

កណ្តាល៖ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោក មួង ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិជ្រៃធំ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្តចុះពិនិត្យគុណភាពបន្លែគ្រប់ប្រភេទ ដែលនាំពីប្រទេសវៀតណាម មកកម្ពុជាតាមច្រកទ្វារអន្តរជាតិជ្រៃធំ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។



ជាលទ្ធផល សមត្ថកិច្ច បានរកឃើញបន្លែចំនួន ៥មុខ ក្នុងចំណោមបន្លែទាំង២២មុខ ដែលក្រុមអាជីវករនាំចូលពីប្រទេសវៀតណាម មានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត។ ជាមួយគ្នានេះ សមត្ថកិច្ច បានពន្យល់ណែនាំ និងហាមមិនឱ្យក្រុមអាជីវករខ្មែរ នាំបន្លែដែលមានសារធាតុកាកសំណល់ថ្នាំសម្លាប់សត្វល្អិត ធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ចូលមកប្រទេសកម្ពុជាជាដាច់ខាត។

បើតាមលោក មួង ដារ៉ា បានប្រាប់សារព័ត៌មានក្នុងស្រុកថា សមត្ថកិច្ច បានរកឃើញបន្លែចំនួន៥ប្រភេទ មានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត រួមមាន៖ បន្លែស្ពៃបូកគោ, បន្លែពោតបារាំង, បន្លែផ្កាគូឆាយ, ផ្លែល្ពៅ និងក្រូចឆ្មារតូច។

លោក មួង ដារ៉ា បានបញ្ជាក់ទៀតថា ការអនុវត្តនេះ កម្លាំងជំនាញ មិនត្រឹមតែចាប់ដកហូតបន្លែយកទៅដុតចោលប៉ុណ្ណោះទេ គឺថែមទាំងបានហៅម្ចាស់ ធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូលនូវបន្លែប្រភេទហាមឃាត់នេះ ហើយប្រសិនបើ នៅតែនាំបន្លែប្រភេទនេះ មកកម្ពុជាទៀត លោកនឹងបញ្ឈប់ឱ្យមានការរកស៊ីនាំបន្លែចូលមកកម្ពុជាតែម្តង៕