គ្រោះថ្នាក់ណាស់! សមត្ថកិច្ចខេត្តបាត់ដំបង រកឃើញប្រហិតខូចគុណភាពជាង ២ពាន់គីឡូក្រាម នាំចូលពីប្រទេសថៃ

អត្ថបទ៖ អ្នកស្រី ឡាច សុគន្ធាវី
បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការជាមួយស្ថាប័នជំនាញខេត្ត ចុះបង្រ្កាបករណីឈ្មួញខិលខូច នាំចូលប្រហិតខូចគុណភាព និងចាប់បានប្រហិតគ្រប់ប្រភេទ ចំនួន ២,៤៥០ គីឡូក្រាម ដែលបាននាំចូលពីប្រទេសថៃ ដោយខុសច្បាប់ យកមកធ្វើការដុតកម្ទេចចោល នៅទីលានចាក់សម្រាម ស្ថិតនៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
នៅក្នុងការដុតបំផ្លាញប្រហិតខូចគុណភាពទាំងនោះ ក៏មានការអញ្ជើញចូលរួមពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង និងឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងឱកាសនោះ លោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ទៅលើម្ហូបអាហារនំចំណីផ្សេងៗ មុនទិញយកទៅបរិភោគ ជាពិសេសអាហារប៉ះពាល់សុខភាព៕
