ព័ត៌មានជាតិ

ប្រជាពរដ្ឋ ៨៩៣គ្រួសារនៅក្នុងស្រុក សាមគ្គីមានជ័យ មានជីវភាពធូរធាជាងមុនតាមរយៈពង្រីកមុខរបរលើវិស័យកសិកម្ម

image

អត្ថបទ៖ ហឹង ចូច

កំពង់ឆ្នាំង៖ ប្រជាពរដ្ឋចំនួន ៨៩៣គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានជីវភាពប្រសើរជាងមុន បន្ទាប់ពីពួកគាត់បានពង្រីកមុខរបរ លើវិស័យកសិកម្មក្រោមការឧបត្ថម្ភពីគម្រោង LASED II។

ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព នៃការអនុវត្តគម្រោងនេះឱ្យកាន់តែប្រសើរឡើង និងមានការចូលរួមពីប្រជាពលរដ្ឋកាន់តែសស្រាក់សស្រាំថែមទៀត លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគ្រប់គ្រងគម្រោង បែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំ ណាក់កាលទី២ ហៅកាត់ថា LASED II បានដឹកនាំមន្រ្តីគម្រោងគ្រប់វិស័យ ចុះពិនិត្យមើលអំពីវឌ្ឍនភាព នៃការអនវុត្តគម្រោងរបស់សម្បទានិក ដែលកំពុងអនុវត្ត នៅឃុំចំនួន ៣ ក្នុងស្រុក សាមគ្គីមានជ័យ។

នៅក្នុងឱកាសចុះពិនិត្យការអនុវត្តគម្រោងនេះ លោក អម សុភា បានធ្វើការវាយតម្លៃខ្ពស់ចំពោះការចូលរួមពីសម្បទាននិក តាមរយៈសកម្មភាព នៃការងារបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ដូចជាការដាំដំណាំកសិកម្ម ការចិញ្ចឹមសត្វ និងបង្កើតមុខរបរ ដែលផ្តល់ដោយគម្រោង LASED II នេះ។

លោក បានជំរុញឱ្យប្រជាពលរដ្ឋ ដែលជាសម្បទានិក នៅតំបន់នេះ ត្រូវប្រើប្រាស់ដី កសិកម្មឱ្យអស់លទ្ធភាព ដើម្បីរកប្រាក់ចំណូលបង្កើនជីវភាពក្នុងគ្រួសារឱ្យកាន់តែមានភាពធូរធាថែមទៀត។

គួរបញ្ជាក់ថា គម្រោង LASED II ដែលកំពុងអនុវត្ត នៅក្នុងស្រុកសាមគ្គីមានជ័យ មាន ៣ឃុំ គឺឃុំឈានឡើង ឃុំក្រាំងល្វា និងឃុំពាម ដែលមានប្រជាពលរដ្ឋទទួលផលពីគម្រោងចំនួន ៨៩៣គ្រួសារ។

ប្រជាពលរដ្ឋទទួលផលពីគម្រោងនេះ បានសម្តែងនូវអារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលគម្រោងនេះ បានអភិវឌ្ឍន៍នៅតំបន់នេះ ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់បានល្អប្រសើរជាងមុននឹកស្មានមិនដល់។ ក្រៅតែពីធ្វើឱ្យជីវភាពបានល្អប្រសើនោះ នៅតំបន់នេះមានការអភិវឌ្ឍលឿនស្ទើរគ្រប់វិស័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង សាលារៀន មណ្ឌលសុខភាព និងមានបណ្តាញអគ្គិសនី ផងដែរ។

ប្រជាពលរដ្ឋបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានសម្រេចអនុវត្តគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី២ ដែលបានកែប្រែជីវភាពរបស់ពួកគាត់ឱ្យកាន់តែមានភាពប្រសើរឡើង៕

ព័ត៌មានទាក់ទង...