ព័ត៌មានជាតិ

ខែក្រោយក្រសួងអប់រំ នឹងអនុញ្ញាតឱ្យសាលាឯកជនចំនួន២០ បើកដំណើរការសាកល្បងឡើងវិញ តែត្រូវគោរពលក្ខខណ្ឌ ៦ចំណុច

image

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នូវគោលការណ៍ចាំបាច់ ៦ចំណុច ក្នុងការអនុញ្ញាតឱ្យសាលាឯកជនចំនួន ២០ ដែលទទួលបានការអនុញ្ញាតឱ្យសាកល្បងបើកដំណើរការឡើងវិញ ចាប់ពីខែសីហា ឆ្នាំ២០២០ ក្រោយផ្អាកមួយរយៈ ដោយសារវិបត្តិវីរុសកូវីដ-១៩។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឱ្យដឹងថា ដើម្បីឈានដល់ការចុះអនុស្សរណៈយោគយល់គ្នា សាកល្បងបើកដំណើរការ ដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ តាមស្មារតីលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រី ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០, ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំ ត្រួតពិនិត្យ និងវាយតម្លៃ រៀបចំរបស់គ្រឹះស្ថានសិក្សាឯកជនទាំង២០ លើគោលការណ៍តម្រូវ៦ចំណុច។ បន្ទាប់ពីនោះ ដោយផ្អែកតាមបទពិសាធន៍ និងការវាយតម្លៃការអនុវត្តនូវដំណាក់កាលទី១ ទើបក្រសួង អាចកំណត់បាននូវដំណាក់កាលទី២ និងដំណាក់កាលទី៣ផងដែរ។
គោលការណ៍តម្រូវ ៦ចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺ៖

ទី១. ការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀន ដែលគោរពបាននូវគម្លាតសុវត្ថិភាព) ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសគ្រឹះស្ថានសិក្សា ត្រូវបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍សម្រាប់សម្លាប់មេរោគតាមស្តង់ដា។

ទី២. គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សា ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ មុនដំណើរការសាលា។

ទី៣. ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះ មានការធ្វេសប្រហែស ឬល្មើសនឹងអនុស្សរណៈយោគយល់គ្នា គ្រឹះស្ថានសិក្សាទាំងនោះ នឹងត្រូវទទួលការព្រមាន និងឈានទៅផ្អាកដំណើរការបណ្តោះអាសន្ន។

ទី៤. គ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះ គឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងគោរពនូវពិធីសារសុវត្ថិភាពសុខភាពសិក្សា។

ទី៥. ក្រសួងនឹងចេញគោលការណ៍ណែនាំ ស្តីពី លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ ជាមូលដ្ឋានគោលសម្រាប់ការរៀបចំ ពិធីសារសុវត្ថិភាពសុខភាព សិក្សារបស់គ្រឹះស្ថានសិក្សា។

ទី៦. គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ឱ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញ នៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០។ គ្រឹះស្ថានសិក្សាឯកជនដែលមានស្តង់ដាខ្ពស់ចំនួន២០ នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង នឹងអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO ផងដែរ៕