ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ដើរដកផ្សិតក្ងោក ដែលចាប់ផ្តើមដុះនៅពេលមានភ្លៀងធ្លាក់នារដូវវស្សា

image

ដោយ៖ គង់ ប៊ុនណា

តោះមកភ្លក់រសជាតិផ្សិតក្ងោក ដែលដុះ និងកំពុងប្រមូលផលនៅខេត្តរតនគិរី

រតនគិរី៖ នារដូវភ្លៀងនេះ ប្រជាពលរដ្ឋនៅស្រុកវើនសៃ ខេត្តរតនគិរី សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោកនៅតាមព្រៃរបោះយកមកធ្វើជាអាហារ និងលក់ដូរខ្លះ បន្ថែមចំណូលសម្រាប់ជីវភាពគ្រួសារ។

លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិវើនសៃ-សៀមប៉ាង នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា ក្នុងពេលធ្លាក់ភ្លៀងនារដូវវស្សា តំបន់ការពារធម្មជាតិមួយចំនួន បានផ្តល់ផលផ្សិតក្ងោក និងប្រភេទបន្លែព្រៃផ្សេងទៀតផងដែរ។

លោកថា ផ្សិតដែលគាត់ដកបាន ទុកសម្រាប់បរិភោគ និងសល់អាចលក់ទៅទីផ្សារក្រុងបាលុង គឺ ១គីឡូក្រាមតម្លៃ ១០,០០០រៀលទៅ ១២,០០០រៀល។ ក្រោយភ្លៀងធ្លាក់ជាប់គ្នា រយៈចាប់ពី២ឬ ៣ថ្ងៃទៅ ប្រជាពលរដ្ឋស្រុកវើនសៃ អាចរកបានផ្សិតក្ងោកបានក្នុងមួយគ្រួសារ បានចន្លោះពី ៥ទៅ១០គីឡូក្រាម ហើយមួយថ្ងៃអ្នកស្រុក រកបានសរុបប្រមាណ ៣០០ទៅ៥០០ គីឡូក្រាមលក់នៅលើទីផ្សារ។

ផ្សិតក្ងោកនេះ មានរសជាតិឆ្ងាញ់ដែលគេអាចយកវាទៅចម្អិនធ្វើម្ហូបដូចជា ឆា និងស្ងោរជាដើម។
មន្រ្តីបរិស្ថានខាងលើ បានអះអាងថា ធនធានធម្មជាតិ នឹងប្រាកដកើតឡើងយ៉ាងសម្បូរបែប សម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពលសម្រាប់ការពង្រីកវិស័យទេសចរណ៍នៅកម្ពុជា នៅពេលមានការចូលរួម ការការពារ និងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ៕




ព័ត៌មានទាក់ទង...