ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបង្ការប្រឆាំងនឹងវីរុសកូវីដ១៩ និងព្យុះទីហ្វុង

image


កូរ៉េខាងជើង៖ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជេីងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបង្ការប្រឆាំងនឹងវីរុសកូវីដ១៩ និងព្យុះទីហ្វុងក្នុងប្រទេសកូរ៉េខាងជេីង។

ការអំពាវនាវរបស់ លោក គីម បានធ្វេីឡេីងក្នុងកិច្ចប្រជុំរបស់បក្សពលករដែលបានរៀបចំឡេីងក្នុងគ្រាដែលមានការឆ្លងរាតត្បាតជាសកលនៃវីរុសកូវីដ១៩ដែលកំពុងដាក់សម្ពាធថែមទៀតលើសេដ្ឋកិច្ចរបស់កូរ៉េខាងជើងដែលកំពុងរងគ្រោះដោយការបិទព្រំដែននាពេលថ្មីៗនេះ និងការខូចខាតដោយទឹកជំនន់។

យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជេីង កិច្ចប្រជុំនោះបានពិភាក្សាអំពីវិធានការបន្ទាន់ដេីម្បីបង្ការការខូចខាតដំណាំ និងការបាត់បង់ជីវិតបណ្ដាលមកពីព្យុះទីហ្វុងបាវី (Bavi) ដែលត្រូវបានគេរំពឹងថានឹងវាយប្រហារប្រទេសកូរ៉េខាងជេីងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងប្រទេសឯកកោមួយនេះ។

ប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា មិនមានករណីឆ្លងវីរុសកូវីដ១៩សូម្បីតែម្នាក់ក្នុងប្រទេសរហូតមកដល់ពេលនេះ ប៉ុន្តែ លោក គីម បាននិយាយកាលពីខែមុនថា វីរុសកូវីដ១៩ប្រហែលជាបានឆ្លងចូលមកក្នុងប្រទេសកូរ៉េខាងជេីង ហេីយ បន្ទាប់ពីបុរសម្នាក់ដែលរត់ចេញពីកូរ៉េខាងត្បូងចូលមកកូរ៉េខាងជេីងត្រូវបានគេរាយការណ៍ថាមានចេញរោគសញ្ញាវីរុសនេះ។

ប៉ុន្តែក្រោយមក យោងតាមអង្គការសុខភាពពិភពលោក លទ្ធផលធ្វេីតេស្តិ៍រកវីរុសកូវីដ១៩លេីបុរសម្នាក់នោះមិនមានភាពប្រាកដប្រជា។

លោក គីម ក្នុងខែនេះបានលុបចោលវិធានការបិទទីក្រុងកេសុង (Kaesong) រយៈពេល៣សប្ដាហ៍បន្ទាប់ពីមានករណីសង្ស័យឆ្លងវីរុសកូវីដ១៩មួយករណីដំបូងនៅទីនោះ៕