ព័ត៌មានជាតិ

ចាប់ខ្លួនអ្នកលក់ឆ្នោតវៀតណាម២នាក់បញ្ជូនទៅតុលាការតាមបញ្ជាព្រះរាជអាជ្ញា

image

កំពង់ចាម៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក សុធា ពិសិដ្ឋ បានបញ្ជាឱ្យសមត្ថកិច្ចចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតវៀតណាម) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋភ្លាមៗ។

ករណីបង្ក្រាបនេះ ដឹកនាំដោលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចាប់ខ្លួនបានមនុស្សចំនួន ២នាក់ ឈ្មោះ យុំា សុខរស់ ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ និងម្នាក់ទៀតឈ្មោះ ស៊ូ ណា ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ដែលអ្នកទាំងពីររស់នៅភូមិអ្នកតាខ្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងដកហូតវត្ថុតាង ទូរស័ព្ទដៃចំនួន ៤គ្រឿង, ប៊ិក២ដើម, ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន ២សន្លឹក, កន្ទុយលេខឆ្នោតវៀតណាមចំនួន ៣៩សន្លឹក, សៀវភៅកត់លេខឆ្នោតវៀតណាមចំនួន ១ក្បាល, ប្រាក់រៀលចំនួន ៦៤៥,០០០រៀល(ប្រាំមួយសែនបួនម៉ឺនប្រាំពាន់រៀល)

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមការបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕