សង្គម

សួនផ្កាដំណក់ទឹកភ្លៀង ក្នុងក្រុងបាត់ដំបង កំពុងមានការចាប់អារម្មណ៍ពីអ្នកទេសចរជាតិ ចូលមកលេងកម្សាន្ត

image


បាត់ដំបង៖ ស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលនៅប្រទេសនានាលើពិភពលោក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ការនាំផ្កាស្រស់ពីក្រៅប្រទេសមកធ្វើការផ្គត់ផ្គង់ក្នុងការរៀបចំតុបតែងលំអនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យទាន ឬពិធីជប់លៀងផ្សេងៗ។

ដោយមើលឃើញឱកាសនេះ លោក មៀច គង់ហ៊ុយ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បាននាំយកពូជផ្កាតំណក់ទឹកភ្លៀង មកធ្វើការដាំដុះនៅលើផ្ទៃដីរបស់ខ្លួនក្នុងទំហំប្រហែល ១រ៉ៃ នៃផ្ទៃដីសរុប ១ហ.ត។ បច្ចុប្បន្ន មានផ្ការីកដ៏ស្រស់ស្អាតធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ មកថតលេងកម្សាន្តជាលក្ខណៈក្រុមគ្រួសារមិត្តភិត្តបងប្អូនជាបន្តបន្ទាប់ ។

លោក មៀច គង់ហ៊ុយ បានបញ្ជាក់ថា ការដាំផ្កាតំណក់ទឹកភ្លៀងនេះ មានការពិបាកបន្តិចដែរ ព្រោះផ្កាប្រភេទនេះ វាត្រូវការធាតុត្រជាក់ តែសម្រាប់ប្រទេសកម្ពុជាយើង មានអាកាសធាតុក្តៅហើយសើម នាំឱ្យផ្ការីកមកហើយ ឆាប់រុះរោយទៅវិញណាស់ ពោលគឺក្នុងរយៈត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ ។

លោកបានបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរដែលមកថតលេងនៅទីនេះ ក្នុងម្នាក់ លោកយកកម្រៃចំនួន៦ពាន់រៀល ដែលតម្លៃនេះ សម្រាប់យកទៅទូទាត់ជាមួយវត្ថុធាតុដើម និងកម្លាំងពលកម្មសម្រាប់ខ្លួនឯងផង និងពលកម្មរបស់កម្មករមើលថែសួនផងដែរ។ ក្នុងនោះ លោកក៏បានបង្ហើបថា សម្រាប់មុខរបរមួយនេះ មិនទាន់បានលុយធំដុំនៅឡើយទេ តែយ៉ាងក៏ដោយ ក៏អាចជួយសម្រាលនូវការលំបាកបានមួយផ្នែកផងដែរ បន្ទាប់ពីរងនូវផលប៉ះពាល់ពីជំងឺកូវីដ១៩នេះ។

ចំពោះ កញ្ញា សៅ រក្សា រស់នៅក្នុងក្រុងបាត់ដំបង បានបង្ហាញនូវការចាប់អារម្មណ៍អំពីចម្ការផ្កាដំណក់ទឹកភ្លៀងនេះណាស់ ព្រោះពេលមកគយគន់មើលផ្កា ពិតជាបានធ្វើការផ្លាស់ប្តូរនូវភាពតប់ប្រម៉ល់ និងធូរស្បើយអារម្មណ៍ច្រើននៅពេលមកដល់ទីនេះ ។

កញ្ញា ក៏បានបង្ហាញពីមោទនភាពចំពោះម្ចាស់ចម្ការផ្កា ដែលបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបម្រើដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ជាពិសេសអាចរកប្រាក់កម្រៃបានសមរម្យនាដំណាក់កាលនៃវិបត្តិកូវីដ១៩នេះថែមទៀតផង ។

ទាំងម្ចាស់ផ្កា ទាំងអ្នកមកកម្សាន្ត សុទ្ធតែបានបង្ហាញនូវសំណូមពរដល់អ្នកទេសចរ ដែលមានបំណងចូលមកថតលេងកម្សាន្តក្នុងចំការផ្កាដំណក់ទឹកភ្លៀងសូមចូលរួមថែរក្សាផ្កាឲ្យបានល្អជៀសវាងការកាច់ផ្កា ការដើរប៉ះផ្កា ដែលធ្វើឲ្យផ្កាដាក់ ឬដួល ឆាប់ខូច ក្នុងគោលបំណងដើម្បីភ្ញៀវទេសចរផ្សេងៗទៀតចង់មកថតលេងផងដែរ ៕