ព័ត៌មានជាតិ

ការសិក្សា៖ ការបំពុលខ្យល់ដោយឥន្ធនៈផូស៊ីលធ្វើឲ្យមនុស្សម្នាក់ក្នុងចំណោម៥នាក់ស្លាប់មុនអាយុ៥០ឆ្នាំ

image

យោងតាមការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ការបំពុលខ្យល់ដោយឥន្ធនៈផូស៊ីលបានបណ្តាលឲ្យមនុស្សម្នាក់ក្នុងចំណោម៥នាក់បានបាត់បង់ជីវិតមុនអាយុ៥០ឆ្នាំនៅទូទាំងពិភពលោកដែលនេះបង្ហាញឲ្យឃើញថាផលប៉ះពាល់ដល់សុខភាពដោយសារការដុតធ្យូងថ្ម, ប្រេង និងឧស្ម័នធម្មជាតិប្រហែលជាខ្ពស់ខ្លាំងជាងអ្វីដែលធ្លាប់បានគិត។

ផ្នែកជាច្រើននៃប្រទេសចិន, ឥណ្ឌា, អឺរ៉ុប និងភាគឦសានសហរដ្ឋអាមេរិកគឺស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយក្នុងមួយឆ្នាំមានអ្នកបាត់បង់ជីវិតសរុបប្រមាណ៨.៧លាននាក់។

ការស្រាវជ្រាវនៅក្នុងឆ្នាំ២០១៧បានប៉ាន់ស្មានថាចំនួនអ្នកបាត់បង់ជីវិតប្រចាំឆ្នាំដោយសារការបំពុលបរិស្ថាននៅខាងក្រៅផ្ទះដូចជាធូលីនិងផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃនិងការដុតព្រៃដើម្បីធ្វើកសិកម្មមាន៤.២លាននាក់។

ការស្រាវជ្រាវកាលពីមុនដែលពឹងផ្អែកទៅលើទិន្នន័យផ្កាយរណបបានធ្វើឲ្យមានការលំបាកក្នុងការបែងចែកការបំពុលខ្យល់ដោយការដុតឥន្ធនៈផូស៊ីលពីប្រភពផ្សេងទៀតនៃភាគល្អិតដែលបង្កគ្រោះថ្នាក់ដូចជាធូលីនិងភ្លើងឆេះព្រៃជាដើម។

ខណៈដែលមានការព្រួយបារម្ភថាការដុតឥន្ធនៈផូស៊ីលបណ្តាលឲ្យមានការប្រែប្រួលអាកាសធាតុ, ក្រុមអ្នកស្រាវជ្រាវបាននិយាយថាពួកគេសង្ឃឹមថាការសិក្សារបស់ពួកគេដែលផ្អែកលើទិន្នន័យកាលពីឆ្នាំ២០១៨នោះនឹងជួយជំរុញបន្ថែមទៀតឲ្យរដ្ឋាភិបាលប្រទេសនីមួយៗពន្លឿនការផ្លាស់ប្តូរមកប្រើប្រាស់ថាមពលស្អាត៕

ប្រែសម្រួល៖ នីតា