ព័ត៌មានជាតិ

ផ្សារត្រពាំងក្រឡឹងខេត្តកំពង់ស្ពឺ​ ត្រូវបានបិទជាថ្មី​ ក្រោយមានករណីឆ្លងជំងឺកូវីដ-១៩លើអាជីវករ

image

កំពង់ស្ពឺ៖​ ផ្សារត្រពាំងក្រឡឹង​ ដែលស្ថិតក្នុងភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺ​ សម្រេចបិទខ្ទប់ជាថ្មី​ នៅព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ក្រោយមានករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩​ លើអាជីវករជាអ្នកលក់ដូរក្នុងផ្សារនេះ។

ប្រាប់CNCនៅព្រលប់ថ្ងៃទី១១ ខែកក្កដា​ លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច​ បានឱ្យដឹងថា​ រដ្ឋបាលស្រុកបានដាក់សំណើសុំបិទផ្សារត្រពាំងក្រឡឹងទាំងស្រុងហេីយ​ ខណៈមានអាជីវករជាច្រើននាក់បានឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយនេះជាការបិទលើកទី២ សម្រាប់ផ្សារនេះ​ គ្រាដែលលើកមុនមានករណីឆ្លងលើអ្នកបោះដុំ​ និងចែកចាយបន្លែ។

លោកអភិបាលស្រុកបញ្ជាក់ថា​ ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺនេះទៅប្រជាពលរដ្ឋផ្សេងទៀត រដ្ឋបាលខេត្តកំពង់ស្ពឺ​ បានសម្រេចបិទខ្ទប់បណ្តោះអាសន្ន​ ចាប់ពីថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២១​ រហូតដល់មានការជូនដំណឹងជាថ្មី៕

ដោយ៖​ ប៊ុត សារុន