ព័ត៌មានជាតិ

អាជីវករខ្មែរនៅផ្សាររោងក្លឿ ៦នាក់ បានលួចហែលទឹកអូរពីប្រទេសថៃ មកកម្ពុជា តែត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើចត្តាឡីស័ក 

image
បន្ទាយមានជ័យ៖ អាជីវករខ្មែរដែលនៅលក់ដូរនៅផ្សាររោងក្លឿរ ប្រទេសថៃចំនួន ៦នាក់ បានលួចហែលឆ្លងទឹកអូរពីប្រទេសថៃមកកម្ពុជាដោយខុសច្បាប់ នៅត្រង់ចំណុចគោលដៅរោងម៉ាស៊ីនដីក្រុមហ៊ុនក្រេនដាយម៉ុន ស្ថិតនៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែត្រូវបានកម្លាំងគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ឃាត់ខ្លួនបាននៅវេលាម៉ោង ៤:២០នាទីទាបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

លោកវរ:សេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបានឱ្យដឹងថា ប្រជាពលរដ្ឋទាំង ៦នាក់ដែលបានឃាត់ខ្លួននោះគឺ ប្រុស៣ ស្រី៣នាក់។ ពួកគេជាអ្នកលក់ដូរនៅផ្សាររោងក្លឿរ ប្រទេសថៃ ដែលមានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ក្រោយពីឃាត់ខ្លួនបាន ត្រូវបានប្រគល់ទៅឱ្យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីដឹកយកទៅធ្វើតេស្តរកកូវីដ-១៩ នៅចំណុចសំចត(CQ2 ) នៃសាលាវិទ្យាល័យនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕