រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល ក្នុងខេត្តកំពង់ឆ្នាំង កំពុងទាក់ទាញភ្ញៀវទេសចរ ខណៈអាជ្ញាធរពង្រឹងវិធានការ សុខាភិបាល

អត្ថបទ៖ ហ៊ឹង ចូច
កំពង់ឆ្នាំង៖ ទឹកធ្លាក់ស្រែអំពិល ជារមណីយដ្ឋានធម្មជាតិមួយ កំពុងទាក់ទាញជាខ្លាំងនូវភ្ញៀវទេសចរគ្រប់
ទិសទី ទាំងនៅក្នុងខេត្តនិងមកពីក្រៅខេត្ត ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅពេលដែលប្រមុខរាជរដ្ឋាភិបាល សម្រេចបើកប្រទេសឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩បានធូរស្រាល គេសង្កេតឃើញមាន
ភ្ញៀវទេសចរ ជាច្រើនបាននាំគ្នាមកលេង នៅរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលនេះ ជាពិសេសគឺថ្ងៃ
ឈប់សម្រាកចុងសប្តាហ៍ ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ ។
លោកប្រធានមន្ទីរបញ្ជាក់ថា ដើម្បីធានាបាននូវសុវត្ថិភាពភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍នីមួយៗ មន្ទីរបានពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍និងនីតិវិធីស្តង់ដារ
ប្រតិបត្តិអប្បបរមា ( SOP ) តាមគន្លងប្រក្រតីភាពថ្មី ដោយបានរៀបចំឡើងស្របតាមវិធានការចាំបាច់ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល
ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។
លោក សេង សាលី បានឲ្យដឹងទៀតថា នៅដើមឆ្នាំ២០២២ខាងមុខនេះ ក្រសួងទេសចរណ៍នឹងបញ្ជូនមន្ត្រីឲ្យ
ចុះមកបណ្តុះបណ្តាល ពីបដិសណ្ឋារកិច្ច មគ្គុទ្ទេសក៍សហគមន៍ទេសចរណ៍ និង អនាម័យម្ហូបអាហារដល់សហគមន៍ទេសចរណ៍ នៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។
សូមជម្រាបថារមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស និង មានចម្ងាយ៥៨
គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ។ សហគមន៍ទឹកធ្លាក់ស្រែអំពិល ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ។ ទេសភាពធម្មជាតិនៅទីនោះ ពិតជាល្អគួរឲ្យគយគន់ខ្លាំងណាស់ដោយសារមានព្រៃឈើដុះខៀវស្រងាត់ និង មានទឹកធ្លាក់ពីលើកំពូលជាច្រើនជាន់ ។ សហគមន៍ទេសចរណ៍ បានរៀបចំជាចំណតរថយន្ត ផ្សារលក់ដូរ និង កញ្ចុះសម្រាប់ឲ្យភ្ញៀវអង្គុយលេងជាច្រើនកន្លែងទៀតផង៕
