ខេត្តសៀមរាប មិនមានបទល្មើសថ្មីនៅលើដីព្រៃលិចទឹកតំបន់៣ទេ តែមានបទល្មើសចាស់ក្នុងផ្ទៃដីជិត២០០០ហិកតា ចាប់ពីឆ្នាំ២០១៤

សៀមរាប៖ ការទន្ទ្រានដីព្រៃលិចទឹកក្នុងបឹងទន្លេសាប ក្នុងទឹកដីខេត្តសៀមរាបមានប្រមាណជិត ២០០០ហិកតា តែករណីនេះជាបទល្មើសចាស់ៗពីមុនមកប៉ុណ្ណោះ មិនមានបទល្មើសថ្មីទេ។ នេះបើយោងតាមការអះអាងដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅក្នុងរបាយការណ៍ស្តីអំពី វឌ្ឍនភាពការងារនៃការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប។
ក្នុងរបាយការណ៍នោះ លោក ទៀ សីហា បានបញ្ជាក់ថា ខេត្តសៀមរាបបានរៀបចំកសាងផែនទីបឋមមួយ ដោយផ្អែកលើអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដើម្បីក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវ ក្នុងនោះការកំណត់សំគាល់ផ្សេងៗ បានបង្ហាញថា ចាប់ពីឆ្នាំ២០១៤ ដល់ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបបទល្មើសទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់៣ នៃបឹងទន្លេសាបក្នុងបណ្តាក្រុង-ស្រុកទាំង៦ បានចំនួន ២០៤ករណី ស្មើនឹងផ្ទៃដីប្រមាណ ១៩៧០ហិចតា ដែលការទន្ទ្រាននេះត្រូវបានរកឃើញចាប់តាំងពីឆ្នាំ២០១៤ ដល់ ខែវិច្ឆិកា ឆ្នាំ២០២១។ យោងតាមការចុះពិនិត្យជាក់ស្តែងប៉ុន្មានថ្ងៃមុននេះ ការទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបនៅខេត្តសៀមរាប មិនទាន់បានរកឃើញមានករណីរំលោភថ្មីនៅឡើយនោះទេ ដោយសារតែនៅក្នុងតំបន់នោះ មានកម្រិតជម្រៅទឹកនៅច្រើននៅឡើយ។
ជាមួយគ្នានេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមការងារអន្តរក្រសួងចុះពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាបនៅខេត្តសៀមរាប ត្រូវបានធ្វើឡើងនាយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
លោកបានលើកឡើងថា ជាឱកាសដ៏ល្អសម្រាប់ខេត្តសៀមរាប ដោយសារតែកម្រិតទឹកនៅមានកម្ពស់ខ្ពស់ និងមិនទាន់មានករណីទន្ទ្រានរំលោភថ្មីកើតឡើងនៅឡើយ។ ដូចនេះអ្វីដែលសំខាន់គឺ ការបែងចែកកម្លាំងគ្រប់គ្រង និងទទួលខុសត្រូវឱ្យបានល្អ មុនទឹកស្រកចុះទៅ ដែលជារដូវបង្កើតការរំលោភបំពាន។
ទោះជាយ៉ាងនេះក៏ដោយ លោក ជា សុផារ៉ា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ត្រូវហាមដាច់ខាត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចេញលិខិតស្នាមទិញលក់ដីរដ្ឋនៅក្នុងតំបន់៣ ឬក្នុងតំបន់ដែលបានកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋអាស្រ័យផលកន្លងមក ព្រោះអ្នកអាស្រ័យផលលើតំបន់កាត់ឆ្វៀលក្នុងតំបន់៣នៃបឹងទន្លេសាបនោះ មិនមានសិទ្ធិលក់ដូរឡើយ ហើយក៏ត្រូវបានបញ្ចប់ការអនុញ្ញាតឱ្យអាស្រ័យផលបន្តទៀតផងដែរ ក្រោយការប្រមូលផលឆ្នាំនេះ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ លោក ជា សុផារ៉ា ក៏បានណែនាំឱ្យអនុវត្ត១០ចំណុចសំខាន់ៗ ក្នុងនោះមានការណែនាំឱ្យអាជ្ញាធរខេត្តធ្វើរបាយការណ៍តាមដានប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ស្តីពី ការគ្រប់គ្រងតំបន់៣នៃបឹងទន្លេសាប ជាការងារសំខាន់ចាំបាច់។ ចំណុចសំខាន់ចុងក្រោយនោះ បានអំពាវនាវឱ្យជនខិលខូច និងជនឃុបឃិត ចេញសារភាពប្រគល់ដីជូនរដ្ឋវិញ ហើយដកខ្លួនឱ្យឆ្ងាយពីអំពើបំផ្លាញជាតិឱ្យបានឆាប់បំផុត៕


អត្ថបទ៖ ជា ស្រស់