មេបញ្ជាការកងទ័ពជើងអាកាស អំពាវនាវឲ្យមន្ត្រីក្រោមឱវាទ ចូលរួមបម្រើឲ្យកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ ដំណើរការប្រកបដោយជោគជ័យ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា ដោយក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ជាឆ្នាំដែលមានភារកិច្ចដ៏មមាញឹក។ ក្នុងន័យនេះ លោកមេបញ្ជាការ បានអំពាវនាវឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ចូលរួមបម្រើឲ្យកិច្ចប្រជុំនេះ ដំណើរការទៅប្រកបដោយភាពជោគជ័យ។ ការអំពាវនាវនេះ លោកបានធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២។
ជាមួយគ្នានោះ លោក សឹង សំណាង ក៏បានណែនាំឲ្យមន្ត្រីក្រោមឱវាទ ពង្រឹងការគ្រប់គ្រងកងកម្លាំងឲ្យបានម៉ឹងម៉ាត់ រក្សាបានទាំងបរិមាណ និងគុណភាព ព្រមទាំងការគ្រប់គ្រង ថែរក្សា ទុកដាក់គ្រឿងបំពាក់សម្ភារៈ បច្ចេកទេសឲ្យបានត្រឹមត្រូវ និងត្រូវខិតខំកសាងអង្គភាពឲ្យបានរីកចម្រើន រឹងមាំ និងបង្កើនការសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានទូលំទូលាយ សហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចជោគជ័យ គ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន។
លោក សឹង សំណាង បានមានប្រសាសន៍ដែរថា ជាមោទនភាពណាស់ នៅចុងឆ្នាំ២០២១កន្លងទៅនេះ កងទ័ពជើងអាកាសបានសម្រេចភារកិច្ចជាប្រវត្តិសាស្ត្រមួយ ដែលពុំធ្លាប់មានពីមុនមក គឺការចុះចតរបស់ឧទ្ធម្ភាចក្រ នៅលើដំបូលអគារដ្ឋបាល សាលប្រជុំទីស្តីការក្រសួងការពារជាតិ ប្រកបដោយសុវត្ថិភាព។
បើតាមការធ្វើរបាយការណ៍ របស់លោកឧត្តមសេនីយឯក គង់ មុនី មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងអាកាស បានឲ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ កងទ័ពជើងអាកាស បានចាត់តាំងសហការ ជាមួយបញ្ជាហោះហើរអាកាសចរស៊ីវិល ចុះប្រចាំការ នៅមជ្ឈមណ្ឌលបញ្ជា CATS ដើម្បីតាមដាន និងត្រួតពិនិត្យសកម្មភាពហោះហើរ ក្នុងដែនអាកាស នៃព្រះរាជាណាចក្រកម្ពុជា។ ដោយក្នុងឆ្នាំ២០២១ កងទ័ពជើងអាកាសហោះហើរ បានចំនួន៥១៧លើក។ ក្នុងនោះ ហោះហើរប្រតិបត្តិការ បានចំនួន៦៦លើក និងហោះហើរហ្វឹកហ្វឺនអាកាសយានិក បានចំនួន៤៥១លើក។
ជាមួយគ្នានោះ ការហោះហើររបស់យន្តហោះអាជីវកម្ម រួមមាន ៖ ហោះហើរក្នុងប្រទេស បានចំនួន២,៨៥៣លើក, ហោះហើរអន្តរជាតិ បានចំនួន៤,៨៧៧លើក និងហោះហើរឆ្លងកាត់ បានចំនួន២២,៨៥៧លើក។
ពាក់ព័ន្ធនឹងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩វិញ, កងទ័ពជើងអាកាស បានទទួលបទបញ្ជាផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម នាយកឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីប្រើប្រាស់ឧទ្ធម្ភាគចក្រថ្មី០២គ្រឿង ដឹកវ៉ាក់សាំងផ្តល់ទៅឲ្យខេត្ត តាមបណ្តាព្រំដែន ដូចជាខេត្តកោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ៕
អត្ថបទ ៖ សន ពិសិដ្ឋ



