តើការវាយប្រហារលើអ៊ុយក្រែន រុស្ស៊ីពិតជាអាចរំសាយកំហឹងបានទេជាមួយនឹងក្រុមបស្ចិមលោក?
អត្ថបទបែបវិភាគ៖ រឿងរ៉ាវរវាងរុស្ស៊ី និងអ៊ុយក្រែនមានភាពប្រទាក់ក្រឡាគ្នាមិនខុសអ្វីពីរឿងនិទានបែបអក្សរសិល្ប៍នៅក្នុងពិភពអារ៉ាប់ ពោលគឺរឿងមួយពាន់មួយយប់ ដែលអ្នកប្រាជ្ញខ្មែរយើងបានបកប្រែថា ឯកសហរាត្រីនោះឡើយ វាជារឿងមួយគួរឱ្យចាប់អារម្មណ៍មានច្រើនវគ្គ មិនចេះចប់។ ចំពោះព្រឹត្តិការណ៍រវាងរុស្ស៊ី និងអ៊ុយក្រែនក៏មិនសូវជាខុសគ្នាប៉ុន្មាននោះទេ បើយើងពិនិត្យតាមដានសាវតាររបស់សាច់រឿង និងការវិវត្តជាបន្តបន្ទាប់មុនពេលមានការផ្ទុះឡើងនូវសង្គ្រាមរវាងប្រទេសទំាងពីរ។
ចំណុចដែលរុស្ស៊ីសង្គ្រប់ទៅលើអ៊ុយក្រែន មិនខុសពីទស្សនវិជ្ជារបស់ខ្មែរយើងដែលបានពោលថា ខឹងគោវាយរទេះនោះឡើយ ដើម្បីរំសាយកំហឹង ក្នុងន័យនេះបើយើងពិនិត្យឱ្យស៊ីជម្រៅ និងសព្វជ្រុងជ្រោយរកសមុដ្ឋាននៃបញ្ហា(ដើមចម) យើងអាចនឹងរកឃើញភ្លាមថា តាមការពិតជាក់ស្តែងរុស្ស៊ីមិនប្រាថ្នាចង់វាយប្រហារទៅលើអ៊ុយក្រែននោះទេ ព្រោះនៅពេលដែលលោកពុទីនប្រកាសសង្គ្រាមដំបូងតាមកញ្ចក់ទូរទស្សន៍របស់រុស្ស៊ី គាត់បានលើកឡើងថា រុស្ស៊ីគ្មានចេតនាចង់វាយប្រហារទៅលើអ៊ុយក្រែនទេ ដោយសារតែគាត់មើលឃើញថា សហរដ្ឋអាម៉េរិក និងក្រុមលោកខាងលិច រួមទំាងអង្គការណាតូជាអ្នកនៅពីក្រោយ ទើបគាត់ប្រកាសសង្គ្រាមឥតរុញរាប្រាប់ដល់ពលរដ្ឋរុស្ស៊ី និងក្រុមលោកខាងលិច។
ត្រង់ចំណុចដែលលោកពុទីនលើកឡើងនេះ ត្រូវគេមើលឃើញក្នុងទិដ្ឋភាព២យ៉ាងពោលគឺ ទី១៖ការវាយប្រហារលើអ៊ុយក្រែន គឺដើម្បីរំសាយកំហឹងជាមួយនឹងសហរដ្ឋអាម៉េរិក និងក្រុមប្រជាជាតិលោកខាងលិចរួមទំាងអង្គការណាតូដែលបានចូលជ្រៅទំាងការជួយផ្នែកសព្វាវុធ និងហិរញ្ញវត្ថុដល់ប្រទេសអ៊ុយ។ ទី២៖ ចង់ព្រមានដល់អ៊ុយក្រែនថា មិនត្រូវសេពគប់និងបង្ហាញភាពស្និទ្ធស្នាលខ្លំាងពេកជាមួយនឹងអឺរ៉ុប ហើយក៏មិនត្រូវចូលជាសមាជិករបស់អង្គការណាតូក៏ទេដែរ។
ដោយឡែកក្រុមបស្ចិមលោកវិញ គេមើលឃើញផ្ទុយពីអ្វីដែលលោកពុទីនអះអាង ព្រោះគេយល់ថា លោកពុទីនកំពុងតែលេងល្បែងឆ្ពិនភ្នែក ប្រើលេសនេះលេសនោះដើម្បីធ្វើការឈ្លានពាន និងទាញយកប្រទេសអ៊ុយក្រែនមកធ្វើជាទ្រនាប់របស់ខ្លួនឡើងវិញ បន្ទាប់ពីបានផ្តាច់ខ្លួនចេញពីអតីតសហភាពសូវៀតមកជារដ្ឋឯករាជ្យកាលពីថ្ងៃទី២៤ ខែកញ្ញាឆ្នំា១៩៩១។
ទោះជាយ៉ាងណាក្តី ក៏អង្ករបានក្លាយទៅជាបាយរួចទៅហើយដែរ ក្នុងន័យនេះសំដៅទៅលើសង្គ្រាមរវាងប្រទេសទំាងពីរបានផ្ទុះឡើងរួចទៅហើយ។ បើយើងក្រឡេកមើលអតីតកាល យើងអាចឃើញសំណេរដ៏វែងអន្លាយមួយជាបែបវោហាសាស្រ្តកាលពីខែកក្កដា ឆ្នំា២០២១ ដែលក្នុងនោះត្រូវគេដកស្រង់ប្រសាសន៍របស់លោកពុទីនថា ពលរដ្ឋរុស្ស៊ី និងពលរដ្ឋអ៊ុយក្រែនគឺជា “ពលរដ្ឋតែមួយ”។
ដោយឡែកពលរដ្ឋអ៊ុយក្រែនវិញ មិនមើលឃើញដូចលោកពុទីនបានពិពណ៌នាឡើយ ព្រោះថា បើផ្អែកតាមការស្ទាបស្ទង់មតិមួយបង្ហាញថា ក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយ ពលរដ្ឋអ៊ុយក្រែនបានព្យាយាមស្វះស្វែងរកការភ្ជាប់ខ្លួនទៅនឹងស្ថាប័នលោកខាងលិចដូចជាសហគមន៍អឺរ៉ុប និងអង្គការណាតូ។ ត្រង់ចំណុចនេះ បើផ្អែកតាមទ្រឹស្តីទំនាក់ទំនងអន្តរជាតិវិញគេមើលឃើញថា ជារឿងធម្មតាទេ ដែលរដ្ឋតូចតាចត្រូវស្វះស្វែងរកបង្អែកជាមួយរដ្ឋដទៃធំហើយមានអំណាចខ្លំាង ក្នុងការរក្សាតុល្យភាពរបស់ខ្លួនជាមួយនឹងរដ្ឋក្បែរខាងដែលខ្លំាងជាងនិងមានឥទ្ធិពលជាង បើមិនអញ្ចឹងទេមិនខុសអ្វីពីសត្វចៀមដ៏ស្លូតរង់ចំាថ្ងៃប្រហារពីម្រឹកសាហាវនោះឡើយ។
ដោយសារតែការមើលឃើញរបស់រុស្ស៊ីថា អ៊ុយក្រែនកាន់តែរសាត់ឆ្ងាយពីខ្លួនហើយនោះទើបពេលខ្លះលោកពុទីនបានបង្ហើរសម្លេងថា ក្រុងគីវជាអាយ៉ង (ធ្វើតាមខ្សែញាក់) របស់ក្រុមប្រទេសលោកខាងលិច។
មែនទែនទៅ ការប្រឹងប្រែងរបស់លោកពុទីនក្នុងការនាំយកអ៊ុយក្រែនត្រឡប់មកវិញ បានជួបនូវរឿងរ៉ាវដ៏ជូរចត់មិនតិចដែរទេ ប្រសិនណាបើសង្គ្រាមនេះ ភាគីរុស្ស៊ីជាអ្នកឈ្នះតាមចុងកាណុង ក៏រុស្ស៊ីមិនអាចគ្រប់គ្រងអ៊ុយក្រែនបានដោយងាយស្រួលដែរ មិនខុសអ្វីពីដុំសាច់មានឆ្អឹងនៅខាងក្នុងឡើយ ដែលពេលខ្លះអាចបង្កភាពសៅហ្មង និងរងគ្រោះដល់អ្នកបរិភោគដុំសាច់នោះជាក់ជាមិនខាន។
បើយើងក្រឡេកមើលទិដ្ឋភាពនយោបាយវិញ ទំាងទីក្រុងម៉ូស្គូ និងទីក្រុងគីវក៏ធ្លាប់មានភាពប្រទំាងប្រទើសគ្នាជុំវិញកិច្ចព្រមព្រៀងដែលគេស្គាល់ថាជា (Minsk 1) និង (Minsk 2) ដែលក្នុងកិច្ចព្រមព្រៀងនោះក្នុងគោលដៅដើម្បីបញ្ចប់ការបង្ហូរឈាមនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលចំណុចខ្លះមិនត្រូវបានគេអនុវត្តន៍ពេញលេញហើយនៅតែមិនអាចដោះស្រាយបានរហូតមកទល់នឹងមានការផ្ទុះឡើងនូវសង្គ្រាមតែម្តង។
រីឯការផ្លោងវោហាសាស្រ្តដាក់គ្នាជារបៀបអន្តរបុគ្គលរវាងលោកពុទីន (មេដឹកនំារុស្ស៊ី) និងលោក ហ្សេឡេនស្គី(មេដឹកនំាអ៊ុយក្រែន) វិញក៏មិនសូវលោះពេលណាស់ដែរចំពោះអ្នកទំាងពីរ ហើយពាក្យពេចន៍ទំាងអស់នោះត្រូវគេមើលឃើញថា ជាភាសាមិនប្រកបដោយការទូតទៀតផង។
ត្រឡប់ទៅមូលន័យ(ខ្លឹមសារគោល)ខាងដើមវិញ ការរំសាយកំហឹងទល់នឹងកំហល់ ស្មេរមើលឃើញថា មិនមែនជាវិធីសាស្រ្តដោះស្រាយប្រកបដោយភាពជោគជ័យឡើយ ជាធម្មតាការដោះស្រាយរឿងអ្វីមួយដែលមានប្រសិទ្ធភាពនិងប្រសិទ្ធផល លុះណាតែភាគីជម្លោះទំាងពីរអាចទទួលយកបានដោយសុទ្ធចិត្ត បើមិនអញ្ចឹងទេមិនខុសអ្វីពីស្លាកស្នាមរបួសដែលផ្សះតែខាងក្រៅ រីឯខាងក្នុងវិញនៅមានការឈឺចុកចាប់ដដែល។
ពេលខ្លះ ការរំសាយកំហឹង ដោយកំហឹងរឹងរឹតតែធ្វើឱ្យយើងកាន់តែផុងខ្លួនជ្រៅចូលទៅក្នុងជម្លោះដែលពិបាកក្នុងការកែខៃ(ដោះស្រាយ)ត្រឡប់មកវិញ។ ចំណុចនេះធ្វើឱ្យស្មេរនឹកឃើញដល់ក្រុមចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានបង្ហើបប្រាប់ដល់បណ្តាញផ្សព្វផ្សាយប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះថា គេចង់ឱ្យមានការស៊ើបអង្កេតមួយទៅលើប្រទេសរុស្ស៊ីអំពីលទ្ធភាពនៃឧក្រិដ្ឋកម្មសង្គ្រាម ដូច្នេះមានន័យថា ចង់ឬមិនចង់រឿងរ៉ាវមួយពាន់មួយយប់របស់រុស្ស៊ី និងអ៊ុយក្រែននេះមិនចប់ត្រឹមហ្នឹងទេ អាចនឹងមានអ្វីច្រើនលើសពីការរំពឹងទុករបស់ស្មេរទៅទៀត ព្រោះថា មានតែពេលវេលាមួយគត់ ដែលអាចលាតត្រដាងការពិតនៃប្រវត្តិសាស្រ្តរបស់មនុស្សជាតិយើងបាន៕
ដោយ៖ ប្រាក់ សម្ជស្ស
ឯកសារយោង៖ ព្រឹត្តិបត្រថាមស៍/ BBC/CNN/Others






