ព័ត៌មានអន្តរជាតិ

តើប្រទេសរុស្ស៊ីមានអាវុធបរមាណូ (នុយក្លេអ៊ែរ) ប៉ុន្មានគ្រាប់?

image


អត្ថបទនេះ ប្រែសម្រួលចេញពីគេហទំព័ររបស់បណ្តាញផ្សព្វផ្សាយអង់គ្លេស(BBC) ដែលចុះផ្សាយកាលពីអង្គារ ទី១ ខែមីនា ឆ្នំា២០២២ ខណៈដែលប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែនកំពុងតែជាប់ដៃគ្នានៅលើសមរភូមិដ៏ក្តៅគគុកមិនទាន់រកចម្លើយឃើញថា នរណាជាអ្នកចាញ់ និងនរណាជាអ្នកឈ្នះនៅឡើយ។
កាលពីពេលថ្មីៗកន្លងទៅ លោកប្រធានាធិបតីពុទីន បានដាក់កម្លំាងផ្នែកអាវុធបរមាណូជាលក្ខណៈប្រុងជើងការពិសេស ដែលបញ្ហានេះបាននំាឱ្យមានកង្វល់សារជាថ្មីម្តងទៀតនៅជុំវិញពិភពលោក រហូតដល់មានលេចឮនូវពាក្យថា តើសង្គ្រាមលោកអាចកើតមានឡើងដែរឬទេ?។
អ្នកវិភាគនៅលើឆាកអន្តរជាតិឯណោះវិញបានលើកឡើងថា ការប្រកាសរបស់លោកពុទីនរឿងត្រៀមអាវុធបរមាណូនោះ ត្រូវគេមើលឃើញថា ជាការកម្លាដើម្បីញុំងប្រទេសដទៃទៀតកុំឱ្យពាក់ពន្ធ័នៅក្នុងប្រទេសអ៊ុយក្រែន ជាជាងបង្ហាញសញ្ញាថា
មានចេតនាដើម្បីប្រើប្រាស់អាវុធបរមាណូ (នុយក្លេអ៊ែរ)។
តាមការពិតរឿងអាវុធបរមាណូនេះមាននៅលើផែនដីរបស់យើងជិត៨០ឆ្នំាហើយ ដែលប្រទេសភាគច្រើនមើលឃើញអាវុធនេះថាជាឧបករណ៍កម្លា ដើម្បីធានានូវសន្តិសុខជាតិរបស់ពួកគេទៀតផង។
តើអាវុធបរមាណូប៉ុន្មានគ្រាប់ដែលប្រទេសរុស្ស៊ីមាន?
ជាទូទៅតួលេខទំាងអស់នៃអាវុធបរមាណូច្រើនតែជាចំនួននៃការកាក់ស្មាន ប៉ុន្តែបើយោងតាមសហពន្ធ័នៃក្រុមអ្នកវិទ្យាសាស្រ្តអាម៉េរិកបានលើកឡើងថា រុស្ស៊ីមានក្បាលគ្រាប់បរមាណូចំនួន៥,៩៧៧គ្រាប់ ដែលសុទ្ធសឹងតែជាឧបករណ៍អាចជាឈ្នួនផ្ទុះនូវនុយក្លេអ៊ែរ ដោយក្នុងនោះរាប់បញ្ចូលទំាងគ្រាប់មិនប្រើការ (ចូលនិវត្តន៍)ប្រហែលជា ១,៥០០គ្រាប់។
តាមសហពន្ធ័នៃក្រុមអ្នកវិទ្យាសាស្រ្តអាម៉េរិកដដែលបានគូសបញ្ជាក់ទៀតថា នៅក្នុងចំណោមគ្រាប់បរមាណូទំាងអស់នោះ ដែលនៅអាចប្រើការបានមានចំនួន៤,៥០០គ្រាប់ ដែលភាគច្រើនគេចាត់ទុកថាជាអាវុធបរមាណូបែបយុទ្ធសាស្រ្ត មានដូចជា មីស៊ីលរំលងទ្វីប គ្រាប់រ៉ុក្កែត អាចវាយប្រហារចំគោលដៅរយៈចម្ងាយឆ្ងាយ។ ហើយអាវុធទំាងអស់នោះសោតទៀតជាទូទៅគេតែងតែប្រើប្រាស់វានៅពេលមានសង្គ្រាមបរមាណូកើតឡើង។
ក្រៅពីនេះ ក៏នៅមានអាវុធធុនតូចៗជាច្រើនប្រភេទ ក៏ជាប្រភេទបរមាណូដែរ ដែលអានុភាពរបស់វាអាចកំទេចគោលដៅបានរយៈចម្ងាយខ្លីនៅលើសមរភូមិផ្ទៃរាប និងក្នុងមហាសាគរ។
ការណ៍នេះមិនមែនមានន័យថា ប្រទេសរុស្ស៊ីមានអាវុធបរមាណូរយៈចម្ងាយឆ្ងាយរាប់រយពាន់គ្រាប់ដើម្បីត្រៀមប្រយុទ្ធឡើយ។
ពាក់ពន្ធ័នឹងរឿងអាវុធនេះដែរ ក្រុមអ្នកជំនាញការបានប៉ាន់ប្រមាណថា ប្រទេសរុស្ស៊ីអាចនឹងមានក្បាលគ្រាប់បរមាណូចំនួន១,៥០០គ្រាប់កាលពីពេលថ្មីដែលគេឃើញមានដាក់ពង្រាយ។ រឿងនេះមានន័យថា មានទីតាំងមីស៊ីល មូលដ្ឋានគ្រប់បែក ឬក៏នាវាមុជទឹកនៅក្នុងមហាសមុទ្រ។
តើចំនួនទំាងអម្បាលម៉ាណដែលរុស្ស៊ីមានអាចប្រៀបធៀបជាមួយនឹងប្រទេសដទៃបានដែរទេ?
ប្រទេសចំនួន៩ ដែលមានអាវុធបរមាណូ (នុយក្លេអ៊ែរ) ក្នុងនោះរួមមាន ចិន បារំាង ឥណ្ឌា អ៊ីស្រាអ៊ែល កូរ៉េខាងជើង ប៉ាគីស្ថាន រុស្ស៊ី សហរដ្ឋអាម៉េរិក និងប្រទេសអង់គ្លេស។
ដោយយោងតាមប្រភពសហពន្ធ័នៃក្រុមអ្នកវិទ្យាសាស្រ្តអាម៉េរិក (Federation of American Scientists)បានឱ្យដឹងថា ក្រុមប្រទេសទំាង៩ដែលគេកាក់ស្មានថា មានការស្តុកក្បាលគ្រាប់បរមាណូមានដូចជា៖
-រុស្ស៊ីមាន ៥,៩៧៧ គ្រាប់
-អាម៉េរិក មាន ៥,៤២៨ គ្រាប់
-ចិន មាន ៣៥០ គ្រាប់
-បារំាងមាន ២៩០ គ្រាប់
-អង់គ្លេសមាន ២២៥ គ្រាប់
-ប៉ាគីស្ថានមាន ១៦៥ គ្រាប់
-ឥណ្ឌា មាន ១៦០ គ្រាប់
-អ៊ីស្រាអ៊ែល មាន ៩០ គ្រាប់
-កូរ៉េខាងជើង មាន ២០ គ្រាប់។
ចំពោះក្បាលគ្រាប់បរមាណូបែបយុទ្ធសាស្រ្តដែលរុស្ស៊ីមានវិញ៖
-មីស៊ីលរំលងទ្វីប មាន ១,១៨៥ គ្រាប់
-មីស៊ីលរំលងទ្វីបបាញ់ចេញពីនាវាមុជទឹក មាន ៨០០គ្រាប់
-គ្រាប់បែកបរមាណូបាញ់ចេញពីយន្តហោះទម្លាក់ពីលើអាកាស មាន ៥៨០ គ្រាប់។
ដោយឡែកប្រទេសចិន បារំាង រុស្ស៊ី សហរដ្ឋអាម៉េរិក និងអង់គ្លេស គឺស្ថិតនៅក្នុងចំណោមរដ្ឋទំាង១៩១ប្រជាជាតិបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តី ការមិនរីកសាយភាយអាវុធបរមាណូឬហៅកាត់ថា (NPT)។
ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនោះ ពួកគេត្រូវតែកាត់បន្ថយនូវសន្និធិ (ស្តុកទុក) នូវក្បាលគ្រាប់បរមាណូ ដែលក្នុងទ្រឹស្តីរដ្ឋភាគីតែងតែលើកឡើងថា នឹងបំបាត់ចោលឱ្យអស់នូវអាវុធបរមាណូនេះ។
គួរបញ្ជាក់ផងដែរថា ចាប់តំាងពីទសវត្សរ៍ទី៧០ និងទី៨០ ចំនួនក្បាលគ្រាប់បរមាណូដែលគេស្តុកទុកត្រូវបានកាត់បន្ថយនៅក្នុងចំណោមប្រទេសដូចបានរៀបរាប់ខាងដើម។
ប្រទេសឥណ្ឌា អ៊ីស្រាអ៊ែល និងប៉ាគីស្ថានមិនដែលចូលរួមក្នុងសន្ធិសញ្ញាស្តី ការមិនរីកសាយភាយអាវុធបរមាណូឡើយ ខណៈដែលកូរ៉េខាងជើងបានចាកចេញពីសន្ធិសញ្ញានេះកាលពីឆ្នំា២០០៣កន្លងទៅ។
គួររំលឹកថា មានតែប្រទេសអ៊ីស្រាអ៊ែលមួយគត់ក្នុងចំណោមប្រទេសទំាង៩ដូចបានរៀបរាប់ខាងដើមដែលមិនទទួលស្គាល់នឹងដឹងឮអំពីកម្មវិធីអាវុធបរមាណូ ប៉ុន្តែប្រទេសនេះព្រមទទួលស្គាល់យ៉ាងទូលំទូលាយថាមានក្បាលគ្រាប់បរមាណូ។
ចំណែកឯប្រទេសអ៊ុយក្រែននេះវិញមិនមានអាវុធបរមាណូទេ បើទោះបីជាមានការចោទប្រកាន់ពីសំណាក់លោកប្រធានាធិបតីពុទីនក៏ដោយ ព្រោះថា គ្មានភស្តុតាងណាមួយដែលបានបញ្ជាក់ឡើយ។
តើអាវុធបរមាណូបំផ្លាញយ៉ាងដូចម្តេច?

តាមការឱ្យដឹងពីគេហទំព័រ(BBC)ដដែលបានរំលេចទៀតថា អាវុធបរមាណូគេបង្កើតឡើងដើម្បីបង្កគ្រោះមហន្តរាយខូចខាតមានលក្ខណៈទ្រង់ទ្រាយធំហួសពីការកាក់ស្មានត្រូវ ហើយវិសាលភាពនៃមហន្តរាយរបស់វា អាស្រ័យទៅលើកត្តាជាច្រើននិងទំហំរបស់វា ដែលរួមមានដូចជា៖
-ទំហំក្បាលគ្រាប់បរមាណូ។
-រយៈកម្ពស់នៃការផ្ទុះឡើងចេញពីដី ទៅកាន់ទីលំហអវកាស។
-បរិស្ថានក្នុងបរិយាកាសទីនោះផ្ទាល់។
-សូម្បីតែក្បាលគ្រាប់បរមាណូតូចៗបំផុតក៏អាចបង្កគ្រោះមហន្តរាយជីវិតមនុស្សសត្វច្រើនមហិមា និងផលវិបាករយៈពេលវែងផងដែរ។
-ជាក់ស្តែងគ្រាប់បែកបរមាណូបានសម្លាប់មនុស្សកើនឡើងដល់ទៅ១៤៦, ០០០នាក់នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនអំឡុងសង្គ្រាមលោកលើកទី២ ដែលមានថាមពលផ្ទុះចេញរហូតដល់ទៅ១៥គីឡូតោន (ជាឯកតានៃថាមពលកម្លំាងផ្ទុះចេញរបស់TNTដ៏មហិមា) ។
-រីឯក្បាលគ្រាប់បរមាណូសម័យបច្ចុប្បន្ននេះវិញមានថាមពលផ្ទុះរហូតដល់ទៅ១,០០០គីឡូតោនឯណោះ។
-តិចតួចណាស់ដែលគេរំពឹងថាអាចនឹងនៅរស់រានមានជីវិតបាននៅក្នុងរង្វង់វិមាត្រនៃការផ្ទុះអាវុធបរមាណូ។
-បន្ទាប់ពីផ្កាភ្លើងភាយចេញដ៏មហិមា រលកនៃការផ្ទុះអាចធ្វើអគាររាបស្មើដល់ផែនដីបានក្នុងចម្ងាយជាច្រើនគីឡូម៉ែត្រ។
តើឃ្លំាងបរមាណូជាអ្វី? ហើយវាមានដំណើរដូចម្តេច?
អំណះអំណាងជាច្រើនបង្ហាញថា វាបណ្តុំស្តុកទុកនូវចំនួនច្រើននៃអាវុធបរមាណូដែលមានសមត្ថភាពអាចបំផ្លាញ និងកំទេចទំាងស្រុងនូវសត្រូវរបស់ខ្លួន និងអាចរារំាងពីសត្រូវកុំឱ្យវាយប្រហារបាន។
ពាក់ពន្ធ័នឹងគោលនយោបាយប្រើប្រាស់អាវុធបរមាណូរបស់រុស្ស៊ីវិញ គេហទំព័រប៊ីប៊ីស៊ីបានឱ្យដឹងបន្ថែមទៀតថា រុស្ស៊ីអាចប្រើប្រាស់នូវអាវុធបរមាណូបានឬក៏កម្លាសត្រូវលុះណាតែស្ថិតនៅក្នុងករណីចំាបាច់ចំនួន៤គឺ៖
ទី១៖ ប្រសិនបើមានការវាយប្រហារដោយមីស៊ីលរំលងទ្វីបមកលើដែនដីរបស់សហពន្ធ័រុស្ស៊ី ឬក៏មកលើសម្ពន្ធ័មិត្តរបស់រុស្ស៊ី។
ទី២៖ មានការប្រើប្រាស់អាវុធបរមាណូឬក៍ប្រភេទអាវុធមហាប្រល័យដទៃទៀតប្រឆំាងទៅនឹងដែនដីសហពន្ធ័រុស្ស៊ី ឬក៏សម្ពន្ធ័មិត្តរបស់ខ្លួន។
ទី៣៖ មានការវាយប្រហារណាមួយមកលើទីតំាងសំខាន់របស់យោធាឬក៏អគាររដ្ឋាភិបាលសំខាន់នៃសហពន្ធ័រុស្ស៊ី ដែលអាចគំរាមកំហែងដល់សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។
ទី៤៖ ភាពគឃ្លើនប្រឆំាងទៅនឹងសហពន្ធ័រុស្ស៊ីដោយការប្រើប្រាស់អាវុធធម្មតា នៅពេលដែលគ្រប់ទិដ្ឋភាពនៃរដ្ឋស្ថិតនៅក្នុងសភាពគ្រោះថ្នាក់។
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ BBC/ Federation of American Scientists