ព័ត៌មានជាតិ

ភ្ញៀវទេសចរ កំពុងចាប់អារម្មណ៍សួនច្បារព្រែកកំពង់បាយ ខេត្តកំពត ដែលជាកន្លែងអង្គុយលម្ហែដ៏មានភាពទាក់ទាញនៅពេលល្ងាច

image

កំពត៖ សួនច្បារស្ថិតតាមបណ្តោយមាត់ព្រែកកំពង់បាយ ក្នុងក្រុងកំពត បានក្លាយជាកន្លែងដើរហាត់ប្រាណ ជិះកង់ និងអង្គុយលម្ហែស្រូបយកខ្យល់អាកាស និងបរិភោគអាហារជុំគ្នានៅពេលល្ងាចរហូតដល់ពេលយប់ ខណៈទូកទេសចរណ៍ និងអាហាររដ្ឋាននានានៅក្បែរៗរង្វង់មូលធុរេន មានភ្ញៀវច្រើននៅពេលយប់។

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្តកំពត បានឱ្យដឹងថា ក្រោយពេលសម្រាកពីការងារ នៅពេលល្ងាចពួកគេចូលចិត្តនាំគ្រួសារ មិត្តភក្កិទៅអង្គុយលំហែ និងបរិភោគអាហារបន្តិចបន្តួចនៅតាមសួនច្បារមាត់ព្រែក ពិសេសនៅបរិវេណសួនខាងមុខសាលាខេត្ត ព្រោះនៅទីនោះធ្វើឱ្យអារម្មណ៍របស់ពួកគេស្រស់ស្រាយ ភ្លេចទុកកង្វល់ បាត់អស់ភាពតានតឹង ពិសេសពេលថ្ងៃរាបលិច រហូតដល់ពេលយប់ទើបត្រឡប់ទៅគេហដ្ឋានវិញ។

យុវជនយុវតីដែលរស់នៅក្នុងខេត្តកំពត បានឱ្យដឹងថា ក្រុងកំពតមានការអភិវឌ្ឍច្រើន ហើយការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព និងការតុបតែងលម្អភ្លើងពណ៌បានល្អប្រសើរ ពិសេសនៅតាមផ្លូវមានបំពាក់អំពូលភ្លើងបំភ្លឺផ្លូវព្រោងព្រាត។ បច្ចុប្បន្ន គេសង្កេតឃើញថា ពេលយប់ ខេត្តកំពតមានភ្ញៀវទេសចរភាគច្រើនទៅបរិភោគអាហារ និងជួបជុំគ្នានៅលើទូកទេសចរណ៍តាមបណ្តោយមាត់ព្រែកកំពង់បាយ និងអាហារដ្ឋាននានានៅជិតបរិវេណរង្វង់មូលធុរេន ដោយទីតាំងទាំងនោះមានសន្តិសុខ និងសុវត្តិភាពល្អ។

សូមបញ្ជាក់ថា សួនច្បារមាត់ព្រែកកំពង់បាយ ស្ថិតតាមបណ្តោយមាត់ព្រែកពីស្ពានថ្មី រហូតដល់រូបសំណាក់ព្រះបាទអង្គដួង។ តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយបាននិងកំពុងរៀបចំតុបតែងលម្អសោភណ្ឌភាពក្រុង ដើម្បីទទួលភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ក្នុងនោះមានការថែទាំសួនច្បារ និងការដាក់បន្ថែមអំពូលភ្លើងបំភ្លឺផ្លូវ និងផ្ទាំងអំពូលភ្លើងកាត់ទទឹងផ្លូវ ពិសេសផ្លូវតាមសួនច្បារមាត់ព្រែកកំពង់បាយ៕

អត្ថបទ៖ វង្ស សុធារម្យ