លួចថតប្រពន្ធគេកំពុងងូតទឹក ប្ដីគេឃើញចាប់ប្រគល់ឱ្យសមត្ថកិច្ច
ភ្នំពេញ៖ បុរសម្នាក់ បានធ្វើសកម្មភាពយកទូរស័ព្ទដៃលួចថតប្រពន្ធគេកំពុងងូតទឹកនៅក្នុងបន្ទប់ទឹក ដែលនៅបន្ទប់ជាប់គ្នា ប៉ុន្តែពេលកំពុងធ្វើសកម្មភាពនោះ ប្ដីគេឃើញទាន់ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។
ករណីនេះ បានតឡើងកាលពីវេលាម៉ោង ៨:១០នាទី យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីបុរសជាប្ដីជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុប្រពន្ធរបស់គាត់បានចូលទៅងូតទឹកក្នុងបន្ទប់ទឹក ដោយមិនបានបិទទ្វារបន្ទប់ទឹកនោះទេ ព្រោះអំពូលភ្លើងក្នុងបន្ទប់ទឹកដាច់ខ្សែភ្លើង ធ្វើឱ្យងងឹត ហើយបានបើកភ្លើងនៅក្នុងបន្ទប់ដេកដើម្បីងាយស្រួលប្រពន្ធគាត់ងូតទឹក រួចក៏បានបិទទ្វារបន្ទប់ធម្មតា។ ដល់ម៉ោងកើតហេតុ គាត់ក៏ឃើញជនសង្ស័យធ្វើសកម្មភាពយកទូរស័ព្ទដៃមកថតចេញពីប្រហោងជញ្ជាំងដែលចោះដាក់ទបង្ហូរទឹក។ ដោយមានការសង្ស័យគាត់បានទៅសួរជនសង្ស័យ ហើយក៏បានសុំទូរសព្ទឆែកមើលក៏ឃើញរូបភាពវីដេអូជាច្រើនប្លង់ដែលជនសង្ស័យបានលួចថតប្រពន្ធគាត់ មិនដឹងថារយ:ពេលប៉ុន្មានថ្ងៃកន្លងមកហើយនោះទេ ដោយរូបភាពនៅក្នុងទូរសព្ទដៃច្រើន។
បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលស្នាក់នៅក្បែរគ្នា រួចក៏នាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងដើម្បីចាត់ការ តាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្នុងករណីនេះ៕





