ព័ត៌មានអន្តរជាតិ

តើលោក Mikhail Gorbachev ជានរណា?

image


រុស្ស៊ី៖ លោក Mikhail Gorbachev គឺជាអ្នកនយោបាយមួយរូបរបស់សហភាពសូវៀត។ លោក Mikhail Gorbachev បានបម្រើការងារជាអគ្គលេខាធិការចុងក្រោយនៃបក្សកុម្មុយនិស្តនៃសហភាពសូវៀត ចន្លោះពីឆ្នាំ ១៩៨៥-១៩៩១ និងជាប្រធានាធិបតីចុងក្រោយដែលដឹកនាំសហភាពសូវៀតចាប់ពីចន្លោះឆ្នាំ ១៩៩០-១៩៩១ ។
លោក Gorbachev ទាំងជាអគ្គលេខាធិការ និងជាប្រធានាធិបតីសហភាពសូវៀត បានគាំទ្រឱ្យមានការកែទម្រង់តាមបែបលទ្ធិប្រជាធិបតេយ្យ។ គាត់បានអនុម័តិគោលនយោបាយ glasnost and perestroika (មានន័យថា បើកចំហ និង ការរៀបចំរចនាសម្ព័ន្ធឡើងវិញ) ជាមួយគ្នានេះដែរ គាត់បានជម្រុញឱ្យមាននិសព្វាវុធការ (ការរំសាយអាវុធ) និងគ្មានយោធា នៅក្នុងតំបន់អឺរ៉ុបខាងកើត។ ហើយនៅទីបំផុតពោលគឺនៅឆ្នាំ ១៩៩០-១៩៩១ សហភាពសូវៀតក៏បានឈានដល់ការដួលរលំក្រោមគោលនយោបាយរបស់លោក Gorbachev។
ពាក់ពន្ធ័នឹងកំណើតរបស់លោកវិញ លោកMikhail Gorbachev កើតថ្ងៃទី២ ខែមីនា ឆ្នាំ១៩៣១ នៅឯទីជនបទ Privolye ក្នុងតំបន់ Stavropol ប្រទេសរុស្ស៊ី ។ មន្ត្រីសហភាពសូវៀត និងជាប្រធានាធិបតីចុងក្រោយនៃសហភាពសូវៀត (១៩៩០-១៩៩១) បានទទួលមរណភាព នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។
ក្រោយពេលទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Moscow State University ក្នុងឆ្នាំ ១៩៥៥ លោកបានទទួលបានការដំឡើងឋានៈក្លាយជាសមាជិកការិយាល័យនយោបាយពេញសិទ្ធិក្នុងឆ្នាំ១៩៨០ និងជាអគ្គលេខាធិការបក្សកុម្មុយនិស្តសហភាពសូវៀត នៅចន្លោះឆ្នាំ ១៩៨៥-១៩៩១។

តើលោក Mikhail Gorbachev ក្លាយជាប្រធានាធិបតីរបស់សហភាពសូវៀតដោយរបៀបណា?

លោក Mikhail Gorbachev ត្រូវបានតែងតាំងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តរបស់សហភាពសូវៀត (CPSU) ក្នុងឆ្នាំ ១៩៧១។ នៅចន្លោះឆ្នាំ ១៩៧៩-១៩៨០ លោក Gorbachev បានចូលរួមជាមួយស្ថាប័នបង្កើតគោលនយោបាយកំពូលរបស់ខ្លួន។ បន្ទាប់មក នៅឆ្នាំ ១៩៨៥ គាត់ត្រូវបានជ្រើសរើសជាអគ្គលេខាធិការរបស់បក្សកុម្មុយនិស្ត។ នៅខែតុលា ឆ្នាំ ១៩៨៨ អគ្គលេខាធិការ Gorbachev ត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធាននៃសភាកំពូលនីតិបញ្ញត្តិជាតិរបស់សូវៀត ។
មិនយូរប៉ុន្មាន Gorbachev បានរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលសូវៀតឡើងវិញ ដើម្បីរួមបញ្ចូលសភាពីរ ក្នុងស្ថាប័ននីតិប្បញ្ញត្តិមួយ ។ ក្នុងឆ្នាំ ១៩៨៩ សភាបានជ្រើសរើសស្ថាប័ននីតិប្បញ្ញត្តិនៃសាធារណរដ្ឋសង្គមនិយមសូវៀតដែលមានឈ្មោះថា Supreme Soviet ហើយបានតែងតាំងលោក Gorbachev ជាថ្នាក់ដឹកនាំកំពូលរបស់ Supreme Soviet ។
នៅឆ្នាំ ១៩៩០ Gorbachev ក៏បានប្រែខ្លួនក្លាយទៅជាប្រធានាធិបតីរបស់សហភាពសូវៀតដោយមិនមានការប្រឆាំងតវ៉ាណាមួយឡើយចំពោះរូបលោកនាពេលនោះ។

ហេតុផលអ្វីបានជាធ្វើឱ្យ Mikhail Gorbachev មានឈ្មោះល្បាញល្បី?

លោក Mikhail Gorbachev ជាបុគ្គលដ៏សំខាន់មួយរូប ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់ការត្រួតត្រារបស់សហភាពសូវៀតនៅអឺរ៉ុបខាងកើត ក្រោយសង្គ្រាមលោកលើកទី២ ។ លោក Gorbachev ក៏ជាបុគ្គលមួយរូបដែលបានជួយរុះរើរបាំងនយោបាយវាំងននដែក (Iron Curtain) ដែលបង្កើតឡើងដោយសហភាពសូវៀត ក្រោយសង្គ្រាមលោកលើកទី២ ដោយបានបង្កឱ្យរដ្ឋកុម្មុយនិស្តខាងកើត និងរដ្ឋមិនមែនកុម្មុយនិស្តលោកខាងលិចបែកចេញពីគ្នា។ នៅក្នុងកិច្ចការបរទេសវិញ លោក Gorbachev បានបង្កបង្កើតទំនាក់ទំនងមិត្តភាពជាមួយបណ្តារដ្ឋមិនមែនកុម្មុយនិស្ត ជាពិសេសគឺសហរដ្ឋអាម៉េរិក។ លោក Gorbachev បានធ្វើការជាមួយលោក Ronald Reagan ដែលជាប្រធានាធិបតីទី៤០ របស់អាម៉េរិក ដើម្បីកាត់បន្ថយភាពតានតឹងខាងផ្នែកនយោបាយ និងយោធារវាងសហរដ្ឋអាម៉េរិក និងសហភាពសូវៀត។ គោលបំណងដែលលោក Gorbachev ធ្វើដូចនេះ គឺបានជួយបញ្ចប់សង្គ្រាមត្រជាក់។
ក្នុងឆ្នាំ ១៩៩០ លោក Gorbachev បានទទួលពានរង្វាន់ណូបែលសន្តិភាពចំពោះ តួនាទីដឹកនាំរបស់គាត់ក្នុងដំណើរឆ្ពោះទៅរកសន្តិភាព នៅអឺរ៉ុប។

អ្វីខ្លះដែលលោក Mikhail Gorbachev បានធ្វើ ក្រោយការដួលរលំនៃសហភាពសូវៀត?

លោក Mikhail Gorbachev បានលាលែងពីតំណែងជាប្រធានាធិបតីរបស់សហភាពសូវៀតជាផ្លូវការ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ ។ នៅថ្ងៃដដែលនោះ សហភាពសូវៀតក៏លែងមានវត្តមានទៀតនោះដែរ។ សហភាពសូវៀត ត្រូវបានជំនួសដោយសហធនរដ្ឋឯករាជ្យ (Commonwealth of Independent States) ឬហៅកាត់តាមភាសាអង់គ្លេសថា (CIS) ដែលជាសមាគមសេរីនៃរដ្ឋអធិបតេយ្យ ដែលបង្កើតឡើងដោយមេដឹកនាំជាប់ឆ្នោតនៃប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារុស្ស (បេឡូរុស្សី)។ CIS បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅដើមឆ្នាំ ១៩៩២ ។
នៅពេលនោះលោក Boris Yeltsin គឺជាប្រធានាធិបតីទី១ របស់ប្រទេសរុស្ស៊ី។ រដ្ឋាភិបាលរុស្ស៊ីក្រោមការដឹកនាំរបស់ Yeltsin ទទួលបន្ទុកជាច្រើនបន្ទាប់ពីអតីតសហភាពសូវៀតដួលរលំ។ បូករួមជាមួយនិន្នាការមិនពេញចិត្តនឹងរដ្ឋបាលរបស់ Yeltsin ក៏បានជម្រុញឱ្យលោក Gorbachev ឈរឈ្មោះជាប្រធានាធិបតីប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ ១៩៩៦ ។ យ៉ាងណាក៏ដោយ ការឈរឈ្មោះរបស់លោក Gorbachev សម្រាប់តំណែងប្រធានាធិបតីរុស្ស៊ី មិនទទួលបានជោគជ័យនោះទេ ដោយគាត់ទទួលបានសម្លេងគាំទ្រតិចជាង ១ ភាគរយអំឡុងការបោះឆ្នោតជំនាន់នោះ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Mikhail Gorbachev summary / Britannica