វេជ្ជបណ្ឌិតឯកទេស ណែនាំដល់អ្នកមានរោគសញ្ញាជំងឺឬសដូងបាត កុំមានភាពខ្មាសអៀន ក្នុងការពិគ្រោះជាមួយវេជ្ជបណ្ឌិត ជៀសវាងជឿលើជនខិលខូចព្យាបាលខុស នាំឲ្យមានគ្រោះថ្នាក់
ភ្នំពេញ ៖ វេជ្ជបណ្ឌិតឯកទេសជំងឺឫសដូងបាត បានធ្វើការណែនាំដល់ អ្នកដែលមានរោគសញ្ញាជំងឺឫសដូងបាត ជាពិសេសអ្នកនៅតាមទីជនបទ កុំមានភាពខ្មាស់អៀន ក្នុងការទៅជួបពិគ្រោះ ជាមួយនឹងវេជ្ជបណ្ឌិត ដើម្បីស្វែងរកការព្យាបាលដែលត្រឹមត្រូវ ជៀសវាងជឿជាក់លើជនខិលខូច គ្មានជំនាញត្រឹមត្រូវ ដើរព្យាបាលនៅតាមភូមិ ដែលជាការព្យាបាលខុស នាំឲ្យមានគ្រោះថ្នាក់ ពោលគឺអាចបណ្តាលឲ្យមានការធ្លាក់ឈាម ឬជិតរុនគូទ ដែលជាភាពលំបាក នៅក្នុងការស្តារនីតិសម្បទាពួកគាត់ឡើងវិញ ហើយករណីខ្លះ តម្រូវដល់មានការវះកាត់ទៀតផង។
នេះជាការអំពាវនាវ របស់លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ក្នុងនាមជាប្រធានសិក្ខាសាលា ថ្លែងក្នុងសិក្ខាសាលាអំពីបច្ចុប្បន្នភាព នៃការព្យាបាលជំងឺឫសដូងបាត។ លោកសាស្ត្រាចារ្យ បានមានប្រសាសន៍ថា ជំងឺឬសដូងបាត មានរោគសញ្ញាសំខាន់២យ៉ាង ទី១.គឺការបត់ជើងមកមានស្រស់ឈាម និងទី២.គឺមានលានដុំសាច់ចេញមកក្រៅ។
លោកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា វេជ្ជបណ្ឌិតឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត ដែលជាវាគ្មិនក្នុងកម្មវិធីនោះ ក៏បានឱ្យដឹងដែរថា កត្តាដែលបណ្តាលឲ្យកើតមានជំងឺឫសដូងបាត គឺបណ្តាលមកពីការទល់លាមក រាគ ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ និងការងារលើកដាក់ឥវ៉ាន់ធ្ងន់ៗ និងការអង្គុយយូរជាដើម។
វាគ្មិនម្នាក់ទៀត គឺលោកវេជ្ជបណ្ឌិត ម៉ក់ សុភក្តិ វេជ្ជបណ្ឌិតឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត ក៏បានណែនាំដល់អ្នកមានរោគសញ្ញា ដែលសង្ស័យថា មានជំងឺឫសដូងបាត សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ជាមុនសិន មុនការទិញថ្នាំ ឬអាហារបំប៉នយកទៅពិសារ ជាពិសេសទិញតាមអនឡាញ ដោយមិនបានដឹងច្បាស់ថា គាត់មានជំងឺឫសដូងបាតឬក៏អត់នោះ។
ដើម្បីបង្ការជំងឺមួយនេះ, វេជ្ជបណ្ឌិត បានណែនាំឲ្យហូបបន្លែផ្លែឈើឲ្យបានច្រើន ហូបទឹកឲ្យបានច្រើន ធ្វើលំហាត់ប្រាណជាប្រចាំ និងជៀសវាងការអង្គុយបន្ទោរបង់យូរ៕
អត្ថបទ ៖ សន ពិសិដ្ឋ





