សង្គម

អាជ្ញាធរខេត្តកំពង់ស្ពឺ ចាប់ផ្តើមបង្ក្រាបល្បែងស៊ីសងតាមអនឡាញទាំងព្រឹក ក្រោយមានបទបញ្ជាពីរាជរដ្ឋាភិបាល

image


កំពង់ស្ពឺ៖ ក្រោយពីរាជរដ្ឋាភិបាល បានចេញបទបញ្ជាយ៉ាងកំហិតចំពោះល្បែងស៊ីសងគ្រប់ប្រភេទរួចមក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យរដ្ឋបាលក្រុងច្បារមន ចុះពិនិត្យរាល់ទីតាំលេងល្បែងគ្រប់ប្រភេទ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ទឹម ផានូ អភិបាលក្រុងច្បារមន និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងច្បារមន រួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង បានចុះពិនិត្យ និងបង្រ្កាបទីតាំងល្បែងអនឡាញ ដែលបើកធ្វើអាជីវកម្មដោយខុសច្បាប់មាន់ជល់តាម Online ចាក់តាមទូរសព្ទ ដែលមិនគោរពតាមបទបញ្ជារាជរដ្ឋាភិបាល។
លោក ទឹម ផានូ បានឱ្យដឹងថា ក្រុមការងារសហការជាកងកម្លាំងចម្រុះ បានចុះពិនិត្យក្នុងតូបលក់កាហ្វេមួយកន្លែងមានបង្កប់ល្បែងជល់មាន់តាមទូរទស្សន៍ ស្ថិតនៅចំណុចបេនឡានផ្សារកំពង់ស្ពឺ  ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះ សុខុម វណ្ណលីដា ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិក្រាំងពលទេព សង្កាត់ច្បារមន ក្រុងច្បារមន ទី២- ឈ្មោះ វឿន សុវី ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន។
កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន លុយខ្មែរចំនួន ២,៣០០,០០០ (ពីរលានបីសែនរៀលគត់) កុំព្យូទ័រចំនួន ១គ្រឿង ទូរទស្សន៍ចំនួន ២គ្រឿង ស៊ីភីយូចំនួន ១គ្រឿង ដុំWiFiចំនួន ១គ្រឿង ទូរសព្ទម៉ាកចំនួន ១គ្រឿង និងម៉ូតូScoopyចំនួន ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ-1O 2514។ ករណីខាងលើនេះសមត្ថកិច្ច បានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ៕
អត្ថបទ៖ ប៊ុត សារុន