ព័ត៌មានអន្តរជាតិ

តើបច្ចេកវិទ្យាប្រព័ន្ធការពារដែនអាកាសអារ៉េន ដូម ( Iron Dome) របស់អ៊ីស្រាអែល និង NASAMS របស់អាម៉េរិកខុសគ្នាដូចម្តេចសម្រាប់អ៊ុយក្រែន?

image


អ៊ីស្រាអ៊ែល៖ ស្របពេលដែលរដ្ឋាភិបាលអាម៉េរិកកំពុងប្រញប់ប្រញាល់រៀបចំបញ្ចូនប្រព័ន្ធការពារដែនអាកាសណាសាម (NASAMS) ដ៏ទំនើបរបស់ខ្លួនមកឱ្យអ៊ុយក្រែនតាមពាក្យសន្យាដែលគេរំពឹងថានឹងអាចមកដល់ដៃយោធាអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំទីក្រុង Jerusalem បានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលដោយបានធើ្វការស្នើសុំប្រព័ន្ធបច្ចេកវិទ្យាការពារដែនអាកាស Iron Dome សម្រាប់ការពារមាតុភូមិកំណើតរបស់ខ្លួនដែលកំពុងរងការវាយប្រហារតាមរយៈផ្លូវអាកាសកាន់តែខ្លាំងឡើងៗពីសំណាក់យោធារុស្ស៊ី។ នេះបើយោងទៅតាមវេបសាយសារព័ត៌មាន Axios របស់អាម៉េរិក។
នៅក្នុងលិខិតនោះដែរ ភាគីប្រទេសអ៊ុយក្រែនបានបង្ហាញអំពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល ពោលគឺប្រព័ន្ធការពារដែនអាកាស Iron Dome, Barak-8, Patriot, David’s Sling រួមនិងប្រព័ន្ធឡាស៊ែរ Iron Beam ជាដើម ដែលសុទ្ធសឹងជាប្រព័ន្ធការពារដែនអាកាសដែលមានប្រសិទ្ធខ្ពស់នៅក្នុងការសាកល្បងរយៈពេលកន្លងមក។ ក្រៅពីនេះរដ្ឋាភិបាលអ៊ុយក្រែនក៏ចង់បានណាស់ដែរ នូវការគាំទ្ររបស់អ៊ីស្រាអែលក្នុងការជួយបណ្ដុះបណ្ដាលទៅដល់ក្រុមអ្នកជំនាញការយោធារបស់ខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។
ក្រៅពីសំណើរបស់អគ្គរដ្ឋទូតអ៊ុយក្រែនខាងលើនេះដែរ លោកអភិបាលក្រុងគីវ Vitali Klitschko ធ្លាប់បានថ្លែងការកោតសរសើរទៅដល់បច្ចេកវិទ្យាប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលផងដែរកាលពីពេលថ្មីៗកន្លងទៅនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនិងភ្នាក់ងារសារព័ត៌មាន Washington Post។ លោកបានលើកឡើងថា អ៊ុយក្រែនត្រូវការជាចំបាច់នូវប្រព័ន្ធការពារដែនអាកាសដែលមានប្រសិទ្ធភាពខ្ពស់ដូចជាប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែលសម្រាប់ការពារខ្លួន ដែលធានាថាទីតាំងជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗរួមនិងកន្លែងផលិតថាមពលផ្សេងៗ នៅតែអាចបន្ដដំណើរការងារប្រចាំថ្ងៃរបស់ខ្លួនជាធម្មតាដើម្បីបំរើទៅដល់តម្រូវការទូទៅរបស់ពលរដ្ឋ។
សរុបសេចក្តីទៅ តើប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល និង NASAMS របស់សហរដ្ឋអាម៉េរិកមានលក្ខណៈខុសគ្នាដូចម្តេចបានជាធើ្វឱ្យអ៊ុយក្រែនហាក់ដូចជាមិនទាន់ស្កប់ចិត្ត?
ប្រព័ន្ធការពារដែនអាកាស NASMAS មានន័យថា ប្រព័ន្ធបច្ចេកវិទ្យាមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ (National Advanced Surface-to-Air Missile System) គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាយោធា Raytheon ហើយនិង Kongsberg របស់សហរដ្ឋអាម៉េរិក ដែលជាអ្នកជំនាញខាងបច្ចេកវិទ្យាប្រព័ន្ធការពារមីស៊ីលបានថ្លែងបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធ NASAMS គឺជាប្រភេទប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យម មានសមត្ថភាពអាចបត់បែនបានឆាប់រហ័សទៅតាមស្ថានការណ៍ ដែលបំពាក់ទៅដោយគ្រឿងបច្ចេកវិទ្យាយោធាចុងក្រោយបំផុតដើម្បីបង្កើនប្រសិទ្ធភាពរបស់វានៅក្នុងការកំណត់គោលដៅ ហើយនិងបាញ់កំទេចគ្រាប់មីស៊ីលរួមនិងយន្តហោះចម្បាំង។
ចំណែកឯប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែលឯណោះវិញ ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាយោធា Rafael នៃក្រសួងការពារជាតិអ៊ីស្រាអែល ដែលជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លីងាយស្រួលនៅក្នុងការចល័ចនិងដាក់ពង្រាយ និងមានប្រសិទ្ធខ្ពស់ក្នុងការបាញ់ទប់ស្កាត់គ្រាប់រ៉ុកកែត គ្រាប់មីស៊ីល គ្រាប់ផ្លោង រួមនិងយន្តហោះដ្រូនដ៏ទៃដែលមានរយៈចម្ងាយខ្លី មិនថាស្ថិតនៅក្នុងអាកាសធាតុដែលមានចុះអ័ព្ទ ពពកក្រាស់ ហើយនិងភ្លៀងធ្លាក់ខ្លាំងយ៉ាងណានោះទេ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Newsweek