ព័ត៌មានអន្តរជាតិ

សង្ខេបព្រឹត្តិការណ៍សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនបន្ទាប់ពីអូសបន្លាយអស់រយៈពេល ១ឆ្នាំ

image


អ៊ុយក្រែន៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានចាប់ផ្តើមបើកការឈ្លានពានដ៏គួរឱ្យភ្ងាក់ផ្អើលទៅលើអតីតបច្ចាមិត្ត គឺប្រទេសអ៊ុយក្រែន និងបានបង្កើតជាជម្លោះប្រដាប់អាវុធដ៏ធំមិនធ្លាប់មាននៅអឺរ៉ុប បន្ទាប់ពីសម័យសង្គ្រាមលោកទី២ ។ សកម្មភាពឈ្លានពានរបស់រុស្ស៊ី មានឫសគល់ផ្តើមចេញពីបញ្ហាដែនដីគ្រីមៀរតាំងតែពីឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ជូនទាហានរបស់ខ្លួនរាប់ពាន់នាក់ ឱ្យចូលទៅកាន់កាប់ទឹកដីរបស់អ៊ុយក្រែនដោយខុសច្បាប់។

គិតត្រឹមថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គឺមានរយៈពេល ១ឆ្នាំគត់ បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែននិងបានបន្សល់ទុកនូវសោកវិនាសកម្មដល់មនុស្សជាតិក្នុងកម្រិតមួយដ៏ធ្ងន់ធ្ងរ ដោយពលរដ្ឋអ៊ុយក្រែនរាប់ម៉ឺននាក់បានស្លាប់ និងរាប់លាននាក់ផ្សេងទៀតនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង រហូតបង្កជាវិបត្ដិជនភៀសមិនធ្លាប់មាននាយុគសម័យថ្មី បន្ថែមពីនេះ ទំហំនៃការខូចខាតទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជា អាយុជីវិតរបស់កងយោធានៃប្រទេសគូប្បដិបក្សទាំងពីរ ពិតជាមានវិសាលភាពធំធេងពេកក្រៃ ។

ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងគៀវ បានចាប់ផ្តើមធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ក្រោយពីកើតមានបដិវត្តន៍អំឡុងឆ្នាំ២០១៤ នៅក្នុងប្រទេសអ៊ុយក្រែន និងបានឈានទៅដល់ការផ្តួលរំលំអតីតប្រធានាធិបតីអ៊ុយក្រែន Viktor Yanukovych ដែលមានទំនោរទៅរករុស្ស៊ី ឱ្យធ្លាក់ចេញពីតំណែង។ មិនយូរប៉ុន្មាន រុស្ស៊ីបានកាត់យកតំបន់ឧបទ្វីបគ្រីមៀររបស់អ៊ុយក្រែន ស្របពេលរដ្ឋាភិបាលទីក្រុងមូស្គូ បានលួចផ្តល់ការគាំទ្រដោយសម្ងាត់ ដូចជាគ្រឿងសព្វាវុធ និងកម្លាំងទ័ពទៅឱ្យក្រុមបំបែកខ្លួននៅក្នុងខេត្តភាគខាងកើតចំនួនពីររបស់អ៊ុយក្រែន រួមមានតំបន់ Luhansk និង Donetsk និងបានបន្ដកើតជាជម្លោះប្រដាប់អាវុធយ៉ាងរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ មុនពេលកើតមានព្រឹតិ្តការណ៍ឈ្លានពានដោយបើកចំហរដោយប្រទេសរុស្ស៊ី ស្ថិតនៅក្រោមស្លាក “ប្រតិបត្តិការយោធាពិសេស“ ដើម្បីរំដោះពលរដ្ឋអ៊ុយក្រែនដើមកំណើតរុស្ស៊ី ដែលកំពុងរងការធើ្វទុក្ខបុកម្នេញពីរបបដឹកនាំក្រុងគៀវ ដោយរុស្ស៊ីក៏បានអះអាងថា ក្រុងគៀវបានអនុវត្តគោលនយោបាយមនោគមវិជ្ជាបែបណាស៊ីនិយមដែលប្រកាន់ជំហរស្អប់ខ្ពើម និងរើសអើងប្រជាជាតិរុស្ស៊ី។

ការសម្រេចប្រើប្រាស់កម្លាំងយោធាដោយបើកចំហររបស់រុស្ស៊ីទៅលើអ៊ុយក្រែន បានចាប់ផ្តើមឡើងនៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន បានចេញសេចក្ដីថ្លែងការណ៍អំពី "ប្រតិបត្តិការយោធាពិសេស" នៅអ៊ុយក្រែនស្ថិតនៅក្នុងគោលដៅនៃកម្មវត្ថុដើម្បីឈានទៅទម្លាក់របបដឹកនាំទីក្រុងគៀវនាពេលសព្វថ្ងៃ ហើយក៏បានប្រឆាំងទៅនឹងអ្វីដែលលោកពូទីនហៅថា ”ជាក្រុមណាស៊ីនិយម” ព្រោះជាផ្នត់គំនិតប្រឆាំងរុស្ស៊ី។ ក្រៅពីនេះ លោកពូទីនក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការអនុវត្តប្រតិបត្តិសឹកនេះ ដើម្បីជាការធានាដល់សន្ដិសុខជាតិរបស់រុស្ស៊ីនៅថ្ងៃអនាគត ខណៈដែលរដ្ឋាភិបាលអ៊ុយក្រែនបានបង្ហាញគោលជំហរកាន់តែជិតស្និទនឹងអង្គការណាតូ ថែមទាំងមានបំណងចូលរួមជាសមាជិករបស់អង្គការសម្ព័ន្ធយោធាមួយនេះទៀតផង។

ភ្លាមៗ ក្រោយលោក ពុទីន បានប្រកាសបែបនេះ យោធារបស់រុស្ស៊ីរាប់ពាន់នាក់បានចាប់ផ្តើមប្រតិបត្តិការវាយចូលទីក្រុងគៀវយ៉ាងមានទំនុកចិត្ត ដោយឆ្លងចូលពីទិសខាងជើងនៃព្រំដែនប្រទេសបេឡារុស្សុ ក្នុងរយៈចម្ងាយស្ថិតនៅជិតគោលដៅនៃកម្មវត្ថុរបស់រុស្ស៊ី។ ផ្ទុយទៅវិញ តាមរយៈការតស៊ូប្រយុទ្ធយ៉ាងផ្ដាច់ប្តូរដោយកងការពារអ៊ុយក្រែន រួមទាំងពលរដ្ឋស៊ីវិលអ៊ុយក្រែនរាប់ពាន់នាក់ផងនោះ បានធើ្វឱ្យទ័ពស្រួចរបស់រុស្ស៊ីទទួលរងបរាជ័យជាបន្ដបន្ទាប់ រហូតបង្ខំចិត្តបោះបង់ចោលកម្មវត្ថុចម្បងរបស់ខ្លួន និងបង្ខំចិត្តដកថយកងទ័ពចេញពីតំបន់ជុំវិញនោះយ៉ាងអាម៉ាស់បំផុត នៅអំឡុងពាក់កណ្ដាលខែមេសា ឆ្នាំ២០២២។

បើទោះបីជារដ្ឋាភិបាលទីក្រុងមូស្គូ ទទួលរងបរាជ័យក្នុងការវាយដណ្ដើមកាន់កាប់រដ្ឋធានីគៀវរបស់អ៊ុយក្រែន ខុសពីការរំពឹងទុកយ៉ាងណាក្តី ក៏ទាហានរុស្ស៊ីបានទទួលជោគជ័យគួរឱ្យកត់សម្គាល់នៅតាមតំបន់សមរភូមិភាគខាងត្បូង និងភាគអាគ្នេយ៍ តាមរយៈការវាយដណ្ដើមកាន់កាប់ទីតាំងយុទ្ធសាស្រ្តសំខាន់ៗចំនួនពីរ រួមមាន ទីក្រុង Kherson និងទីក្រុងកំពង់ផែ Mariupol នៅក្នុងខែបន្ទាប់។

ក្រោយដកថយពីទីក្រុងគៀវមិនទាន់បានប៉ុន្មានផង យោធារុស្ស៊ីបានចាប់ផ្តើមបង្វែរកម្មវត្ថុរបស់ខ្លួនទៅកាន់តំបន់ដុនបាសដែលមានខេត្តចំនួន៤ និងជាជម្រករបស់ក្រុមកងកម្លាំងផ្ដាច់ខ្លួន ដោយក្រោយមកបានប្រកាសខ្លួនជាសាធារណៈរដ្ឋប្រជាមានិតដុននេត និងសាធារណៈរដ្ឋប្រជាមានិតលូហានដែលសុទ្ធសឹងតែជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។

អំឡុងប្រតិបត្តិការសឹកនៅក្នុងតំបន់ដុនបាស យោធារុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់យុទ្ធសាស្រ្តទ័ពកាន់តែសាហាវជាងមុន ដោយបានបើកការវាយប្រហារដោយឥតរើសមុខទៅលើទីតាំងផ្សេងៗជាច្រើនក្នុងប្រទេសអ៊ុយក្រែន មិនថាជាទីតាំងយោធា ឬជាទីតាំងស៊ីវិលនោះទេ ជាពិសេសនោះកងកម្លាំងរុស្ស៊ីបានសំដៅទៅកាន់ទីតាំងស្ថានីយ៍ថាមពលតែម្តង និងបានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងចំពោះសាមញ្ញជនទូទៅ។

បន្ទាប់ពីព្យាយាមការពារខ្លួនអស់រយៈពេលជាច្រើនខែ នៅដើមខែកញ្ញា ឆ្នាំ២០២២ យោធាអ៊ុយក្រែនក៏បានបើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំដើម្បីប្រឆាំងនឹងវត្តមានរបស់ទាហានរុស្ស៊ីនៅតាមភូមិសាស្រ្តភាគខាងត្បូងនៃតំបន់ Kherson និង Mykolaiv បន្ទាប់មកនៅខែវិច្ឆិកាក្នុងឆ្នាំដដែល អ៊ុយក្រែនក៏បន្តដំណើរឆ្ពោះទៅរំដោះទីក្រុង Kerson  ដោយបានបង្ខំឱ្យទាហានរុស្ស៊ីមួយភាគធំ សម្រេចចិត្តដកថយទៅកាន់ត្រើយម្ខាងនៃដងទន្លេ Dnipro ។

បើទោះបីជារុស្ស៊ីទទួលរងការខាតបង់ខ្លាំងសម្បើម ទាំងផ្នែកហិរញ្ញវត្ថុ និងអាយុជីវិតកងទ័ព រួមទាំងរងការថ្កោលទោស និងទទួលបានការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ដោយសហគមន៍អន្តរជាតិយ៉ាងណាក្តី ក៏រដ្ឋាភិបាលរបស់លោកពុទីន នៅតែមិនបន្ទន់ឥរិយាបថនោះទេ ផ្ទុយទៅវិញ រុស្ស៊ីបានបន្ដប្រកាសដាក់បញ្ចូលទឹកដីរបស់អ៊ុយក្រែនចំនួន ៤ខេត្តឱ្យក្លាយទៅជាឧបសម្ព័ន្ធរបស់ខ្លួន។

ស្របពេលស្ថាប័នអន្តរជាតិធំៗ បានបន្ដទាមទារឱ្យរុស្ស៊ីបញ្ចប់ប្រតិបត្តិយោធារបស់ខ្លួននៅអ៊ុយក្រែន រដ្ឋាភិបាលក្រុងមូស្គូឯណេះវិញ បានបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងៗទៅលើអ៊ុយក្រែន និងបានប្រកាសកេណ្ឌទ័ពជាច្រើនម៉ឺននាក់បន្ថែមទៀត សម្រាប់បន្តសកម្មភាពប្រយុទ្ធក្នុងសង្គ្រាម ដើម្បីឈានទៅសម្រេចគោលបំណងផ្តួលរំលំរបបដឹកនាំរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ។

ដោយឡែក តួលេខជនរងគ្រោះដោយសារតែសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ហាក់មានការបកស្រាយខុសៗគ្នា ក្នុងនោះ បើយោងទៅតាមរបាយការណ៍វាយតម្លៃដោយឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញផ្សាយរបាយការណ៍ដោយបង្ហាញថា ជនស៊ីវិលប្រមាណជា ៧,១៩៩នាក់បានស្លាប់ ក្នុងចំណោមនោះ ៤៣៨នាក់ជាកុមារ ខណៈអ្នករងរបួសមានចំនួនប្រមាណជា ១១,៧៥៦នាក់ និងមានកុមារចំនួន ៨៥៣នាក់ក្នុងចំណោមនោះ។ 

ដំណាលគ្នានេះ គេបានប៉ាន់ស្មានថា ទំហំនៃការខូចខាតខាងផ្នែកយោធារបស់អ៊ុយក្រែន មានដូចជា តួលេខស្លាប់ និងរងរបួសនៃកងទាហាន ស្ថិតនៅក្នុងរង្វង់តួលេខជាង ១០០,០០០នាក់ ខណៈតួលេខស្លាប់ និងរបួសពីខាងភាគីកងកម្លាំងរុស្ស៊ី មានចំនួនជាង ១៨០,០០០នាក់។ បន្ថែមពីនេះ ជនភៀសខ្លួនដោយសារតែកត្តាសង្គ្រាមនៅអ៊ុយក្រែន បានបន្ដកើតឡើងដល់ជាង ១៤លាននាក់ ហើយជាង ៨លាននាក់កំពុងស្នាក់នៅក្រៅប្រទេស ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Wikipedia និងប្រភពដទៃទៀត