ព័ត៌មានជាតិ

ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សាងសង់បាន ៦២%ហើយ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣

image


ភ្នំពេញ៖​ គិតមកត្រឹមថ្ងៃទី៨​ ខែមិនា​ ឆ្នាំ២០២៣​ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២%ហេីយ។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣។​ ស្ពាននេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញ​ ទៅមកផ្លូវជាតិលេខ ១ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សទាំង២។

មួយរយៈចុងក្រោយនេះ​ សង្កេតឃើញថា​ ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញហាក់មានការតានតឹង​ ដោយសារផ្លូវចរាចរណ៍ធំៗមួយចំនួនមានការកកស្ទះខ្លាំង​ ប្រជាពលរដ្ឋជាច្រេីនមានការរអ៊ូរទាំដោយការធ្វើដំណើរទៅធ្វេីការ​ ទៅសាលា​រៀន​ និងដឹកទំនិញជួញដូរផ្សេងៗ​របស់ពួកគាត់មានការយឺតយ៉ាវជាខ្លាំង​។ មូលហេតុដោយទីតាំងមួយចំនួនកំពុងតែធ្វើការស្ថាបនាផ្លូវអាកាស​ និងធ្វើការជួសជុលផ្លូវ​ ជាដេីម។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានច្បារអំពៅ​ បានលើកឡើងថា​ ពួកគាត់ធ្វើដំណើរឆ្លងកាត់ស្ពានច្បារអំពៅជាប្រចាំ​ តែមួយរយ:ចុងក្រោយនេះ​ ពិតជាមានការកកស្ទះនិងតានតឹងចិត្តយ៉ាងខ្លាំង​ ហេីយពួកគាត់បានទៅឆ្លងសាឡាងកោះនរា​ជំនួស​ តែពលរដ្ឋមួយចំនួនធំក៏ទៅឆ្លងនៅសាឡាងដែរ​។ ការណ៍នេះ​ អាជ្ញាធរបានបន្ថែមសាឡាងរហូតដល់៤គ្រឿង​ ឃេីញថា​ អាចជួយចំឡងអ្នកដំណេីរបានលឿន​ជាងមុន។

ដោយសារតែកំណេីនប្រជាជន​ ក៏ដូចជាយានយន្តក្នុងរាជធានីភ្នំពេញ​ ពលរដ្ឋក៏បានដឹងថា​ ពេលនេះរាជរដ្ឋាភិបាល​ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ​កំពុងតែយកចិត្តទុកដាក់ធ្វើការសាងសង់ផ្លូវ​ និងស្ពានអាកាសព្រះមុនីវង្ស​បន្ថែមទៀត​ ដើម្បីកាត់បន្ថយការកកស្ទះ​ និងជួយសម្រួលការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ​ឆ្លងកាត់ផ្លូវជាតិ២ ផ្លូវជាតិលេខ ១ និងចំណុចផ្លូវ ៦០ម៉ែត្រ​។ ការដ្ឋានសាងសង់កំពុងតែដំណេីការ​ ធ្វេីឱ្យផ្លូវមានការកកស្ទះ​ ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​ ប៉ុន្តែពួកគាត់សង្ឈឹមថា​ ស្ពានខ្សែកាបកោះពេជ្រ-កោះនរា​សាងសង់រួច​ នឹងជួយកាត់បន្ថយការកស្ទះបានខ្លះ។ កាន់តែប្រសេីរថែមទៀតនោះ​ នៅពេលស្ពានអាកាសព្រះមនីវង្ស​សាងសង់រួច​ សង្ឈឹមថានឹងមិនកកស្ទះចរាចរណ៍ទៀតទេ។

ដេីម្បីដោះស្រាយការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន​ រដ្ឋបាលរាជធានីភ្នំពេញបានបេីកកិច្ចប្រជុំពិភាក្សាដោះស្រាយការកកស្ទះចរាចរណ៍​ នៅការដា្ឋនសាងសង់ស្ពានអាកាសព្រះមុនីវង្ស​ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយបានបានធ្វេីការណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំពិភាក្សាបន្ទាន់ ដើម្បីរកដំណោះស្រាយចំពោះមុខដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១.​ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងហ៊ុំព័ទ្ធការដ្ឋានឱ្យបានតូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ។

២.​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ​ ត្រូវបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅពេលចរាចរណ៍មមាញឹក។

៣.​ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ។ ចំណែកប្រជាពលរដ្ឋអ្នកទិញទំនិញមិនត្រូវធ្វើឈប់ចតលើទ្រូងផ្លូវឡើយ ហើយសមត្ថកិច្ចនឹងធ្វើការចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់វិធានការរដ្ឋបាលចំពោះអ្នកដែលនៅតែប្រើប្រាស់ចិញ្ចើមផ្លូវ ធ្វើការលក់ដូរ។

៤. មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការសិក្សាដាក់សាឡាង​ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ (សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្រដែលមានបច្ចុប្បន្ន។

៥. នៅពេលវលាចរាចរណ៍មមាញឹក ប្រជាពលរដ្ឋដែលមានលទ្ធភាព និងចេះប្រើប្រាស់ APP GOOGLE MAPSមេត្តាប្រើប្រាស់ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស។ ពេលឃើញមានការកកស្ទះចរាចរណ៍ ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវផ្សេងប្រសិនបើមានជម្រើស៕

អត្ថបទ​៖​ ឌីយ៉ាម៉ង់​