ខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កន្លែង និងសួនឧស្សាហកម្ម១កន្លែង ដែលបង្កើតការងារដល់ប្រជាពលរដ្ឋជាង ២ម៉ឺននាក់
បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យទទួលបានការអភិវឌ្ឍឥតឈប់ឈរ ទាំងហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម និង កសិឧស្សាហកម្មជាច្រើន ដែលបានកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ និងឱ្យងាកមកធ្វើការងារនៅក្នុងស្រុកជំនួសវិញ បានជួបជុំគ្រួសារ មានលក្ខណ្ឌការងារល្អ និងទទួលបានប្រាក់ឈ្នួលខ្ពស់ទៀតផង។ ខេត្តបន្ទាយមានជ័យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ចូលជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ ក្នុងការអភិវឌ្ឍប្រទេសជាតិ បន្ទាប់ពីខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខេត្តនេះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កន្លែង ក្នុងនោះ៤ បានដំណើរការផលិតកម្ម និង១កន្លែងមិនទាន់ដំណើរការ និងមានសួនឧស្សាហកម្ម ១កន្លែង ដែលមានរោងចក្រជាង២០ កំពុងដំណើរការលើការផលិតគ្រឿងអលង្ការ វាយនភ័ណ្ឌ និងកែច្នៃផលអនុផលកសិកម្ម ដោយប្រើប្រាស់កម្មករជាង ២ម៉ឺននាក់ កំពុងជួយជំរុញសេដ្ឋកិច្ចខេត្តនេះឱ្យកាន់តែរីកលូតលាស់ល្អនាពេលបច្ចុប្បន្ន។ អ្នកវិនិយោគ ភាគច្រើនជាជនជាតិថៃ និងជនជាតិជប៉ុន ដែលបានវិនិយោគលើវិស័យកាត់ដេរ និងផលិតគ្រឿងបន្លាសរថយន្ត ហើយមានលក្ខណ្ឌការងារល្អសម្រាប់កម្មករ-កម្មការិនី ទៀតផង។ ទន្ទឹមនេះខេត្តភាគខាងលិចមួយនេះគ៏កំពុងខិតខំដើម្បីទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនបន្ថែមទៀតជាបន្តបន្ទាប់នៅថ្ងៃខាងមុខ។
លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ពីមុនខេត្តបន្ទាយមានជ័យមិនដែលមានតំបន់សេដ្ឋកិច្ចពិសេសទេ។ ក្រៅពីមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កន្លែង សួនឧស្សាហកម្ម ១កន្លែង ខេត្តនេះក៏មានមូលដ្ឋានផលិតកម្មសិប្បកម្មតូចៗជាង ១ពាន់ទៀត ដែលមានបុគ្គលិក ២នាក់ ៣នាក់ ៥នាក់ ១០នាក់ ២០នាក់ និងមានច្រើនពាន់នាក់ទៀត។
លោកអភិបាលខេត្ត បានបញ្ជាក់ដែរថា តាមរយៈឧស្សាហកម្មទាំងនេះ បានប្រែក្លាយខេត្តបន្ទាយមានជ័យពីតំបន់ដាច់ស្រយាលនិងស្ងាត់ ដែលគ្មានមនុស្សរស់នៅ ទៅជាតំបន់អ៊ូអរពេញទៅដោយការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង សំណង់អគាររីកដុះដាលដូចផ្សិត ជាពិសេសទីក្រុងប៉ោយប៉ែត ហើយប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នាបានចំណូលសមរម្យ និងស៊ីវីល័យទៀតផង។
ដោយឡែកចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ ខេត្តបន្ទាយមានជ័យមានគ្រប់ទីកន្លែងទាំងអស់ ដោយហេដ្ឋារចនាសម្ព័ន្ធមានតាំងពីផ្លូវជាតិភ្ជាប់ទៅកាន់ ស្រុក ឃុំ និងពីឃុំទៅភូមិ ហើយផ្លូវជាតិទាំងអស់មិនមានផ្លូវជាតិណាមួយដែលអត់មានកៅស៊ូទេ។ ខេត្តនេះក៏មានផ្លូវរថភ្លើងឆ្លងកាត់ដ៏សំខាន់ និងបានតភ្ជាប់ជាមួយប្រទេសថៃផងដែរ។ ភាគច្រើនប្រជាជនបានធ្វើការដោះដូរទំនិញជាមួយប្រទេសថៃ។
ចំពោះប្រភពអគ្គិសនីប្រើប្រាស់មានខ្វាត់ខ្វែងគ្រប់ច្រកល្ហក ដោយប្រភពអគ្គិសនីមួយចំនួនរាជរដ្ឋាភិបាលបានទិញពីប្រទេសថៃ សម្រាប់ផ្គត់ផ្គង់ខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប។ ក្រៅពីនេះក៏មានប្រភពអគ្គិសនីពីភ្នំពេញ និងប្រភពនៅក្នុងខេត្តផ្ទាល់តែម្តង ដោយមានការវិនិយោគផ្នែកអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ដែលវិនិយោគដោយក្រុមហ៊ុនជប៉ុន។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានប្រជាជនប្រមាណ ៨០ម៉ឺននាក់ ស្នើនឹង ១៩០ពាន់គ្រួសារ ហើប្រជាជន៧០ទៅ៨៥ភាពរយ ប្រកបរបកសិកម្ម។ ខេត្តនេះមានផ្ទៃដីចំនួន ២៥៦ពាន់ហិកតា ក្នុងនោះ២៦ម៉ឺនហិតា សម្រាប់ធ្វើស្រែ ជិត១០ម៉ឺនហិកតា សម្រាប់ដាំដំណាដំឡូងមី។ ចំណែកប្រភពទឹកកន្លែងខ្លះប្រជាកសិករអាចធ្វើស្រែបាន២ ទៅ៣ដងក្នុង១ឆ្នាំ៕
ដោយ៖ គង់ ប៊ុនណា