មន្ទីរបរិស្ថានខេត្តកោះកុង កំពុងរៀបចំថ្នាលបណ្តុះកូនឈើខា្នតអន្តរជាតិ ដែលអាចបណ្តុះកូនឈើប្រមាណ ១លានដើម នាពេលខាងមុខ សម្រាប់យកទៅដាំស្តារព្រៃឈើឡើងវិញ
កោះកុង៖ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានអះអាងថា មន្ទីរផែនផែនការបណ្តុះកូនឈើឲ្យបាន ១០ម៉ឺនដើម នៅឆ្នាំ ២០២៤នេះ និងកំពុងរៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិដែលអាចបណ្តុះកូនឈើប្រមាណ ១លានដើម នាពេលអនាគត សម្រាប់ការចែកចាយកូនឈើតាមតំបន់។
លោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុង អះអាងបែបនេះ ក្នុងពេលអមដំណើរលោកបណ្ឌិត សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ ដើម្បីពិនិត្យមើលថ្នាលបណ្តុះកូនឈើរបស់មន្ទីរបរិស្ថានខេត្ត នៅស្នាក់ការកណ្តាលឧទ្យានជាតិបូទុមសាគរ (ស្នាក់ការអូរស្នែងប្រើស) ដែលនៅទីនោះគឺមានផែនការបណ្តុះកូនឈើចំនួន ៣ម៉ឺនដើម សម្រាប់យកទៅដាំស្តារព្រៃឈើឡើងវិញ និងចែកជូនប្រជាសហគមន៍យកទៅដាំតាមបរិវេណផ្ទះ សាលារៀន វត្តអារាម ទីសាធារណៈផ្សេងៗ រួមទាំងការដាំលម្អតាមដងផ្លូវផងដែរ។
ក្រៅពីនេះ ក្រុមការងារជំនាញក៏បានពិនិត្យមើលទីតាំងសក្តានុពលនៅទីនោះ សម្រាប់ការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតជាតិ ដែលអាចបណ្តុះកូនឈើប្រមាណ ១លានដើម នាពេលអនាគត សម្រាប់ការចែកចាយកូនឈើតាមតំបន់។
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់ខេត្តកោះកុងគ្រោងមានផែនការបណ្តុះកូនឈើសរុបចំនួន ១០ម៉ឺនដើម ក្នុងឆ្នាំ ២០២៤នេះ ដោយខេត្តមួយនេះមានលក្ខណពិសេស អំណោយផលល្អលើការបណ្តុះកូនឈើភ្នំ ហើយនិងកូនឈើសំរាប់ព្រៃតំបន់ឆ្នេរ ពិសេសជាងទៀតនោះ គឺផ្តោតលើការបណ្តុះកូនកោងកាង ខណៈនៅតាមតំបន់ឆ្នេរសព្វថ្ងៃមានថ្នាលបណ្តុះកូនកោងកាង ចំនួនបីទីតាំង គឺមាននៅស្រុកបុទុមសាគរ នៅតំបន់រ៉ាំសារកោះកាពិ និងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដោយមួយទីតាំងថ្នាល មានសមត្ថភាពបណ្តុះបានដល់ទៅប្រាំមួយម៉ឺនកូន ដោយឡែកនៅដែនជម្រកសត្វព្រៃពាមក្រសោប អាចនិយាយបានថា មានសមត្ថភាពបណ្តុះកូនឈើបានដល់ទៅជាងពីរម៉ឺនកូន ដែលជាលទ្ធផល ក្រុមការងារជំនាញកំពុងសម្រេចបានជាងមួយម៉ឺនកូនរួចទៅហើយ រួមមានប្រភេទកោងកាងស្លឹកតូចនិងស្លឹកធំ និងកំពុងបន្តជម្រុញការបណ្តុះកូនក្រញ៉ិប កូនស្មាច់ សំរាប់ត្រៀមដាំស្តាឡើងវិញនៅតាមព្រៃតំបន់ឆ្នេរ។
ចំណែកកូនកោងកាងដែលបានបណ្តុះ មានអាយុជិតពីរខែហើយ ដែលទើបមានស្លឹក ០៣ ហើយនោះ នៅចុងខែកក្កដា ២០២៤នេះ គឺជាផែនការត្រូវនាំយកទៅដាំស្តាឡើងវិញ លើតំបន់រិចរិលតាមតំបន់ឆ្នេរក្នុងខេត្តកោះកុង។
នេះគឺជាការខិតខំប្រឹងប្រែង ដែលស្របតាមយន្តការរបស់ក្រសួងបរិស្ថាន ២០២៣-២០២៨ ក្នុងពង្រីកការដាំដុះកូនឈើឡើងវិញ សំដៅឈានដល់យុទ្ធសាស្ត្របញ្ចកោនណដំណាក់កាលទីមួយ ដើម្បីបង្កើនបរិមាណគម្របព្រៃឈើឲ្យបាន ៦០% នៅឆ្នាំ២០៥០ ខាងមុខ ។
បើតាម លោកបណ្ឌិត សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញរបាយមួយការណ៍មួយថា បច្ចុប្បន្នកម្ពុជាមានមន្រ្តីឧទ្យានុរក្សចំនួន ១.០៦៩នាក់ ក្នុងនោះ ៣០% ជាស្ត្រី ដែលបានដើរតួនាទីយ៉ាងសកម្មចូលរួមថែរក្សា ការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃ រួមទាំងរុក្ខជាតិកម្រ ដែលកំពុងរងការគំរាមកំហែង ដូចជាប្រភេទកេសរកូលព្រៃមួយចំនួន ផងដែរ។
ក្រៅពីនោះ មន្រ្តីឧទ្យានុរក្សរបស់កម្ពុជា ក៏ខិតខំចូលរួមក្នុងការងាររៀបចំថ្នាល និងបណ្តុះកូនឈើឱ្យបានយ៉ាងតិច ១លានដើម ក្នុងឆ្នាំ ២០២៤នេះ ដើម្បីដាំស្តារព្រៃឈើឡើងវិញ និងចែកជូនប្រជាសហគមន៍យកទៅដាំតាមបរិវេណផ្ទះ និងទីសាធារណៈផ្សេងៗ ដូចជា វត្តអារាម សាលារៀន មាត់បឹង មាត់ស្ទឹង។ល។
សូមបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សទាំង ១.០៦៩នាក់ ទទួលបន្ទុកមើលថែតំបន់ការពារធម្មជាតិ (Protected Areas) ចំនួន ៧៣កន្លែង ដែលគ្របដណ្តប់លើផ្ទៃដីព្រៃ ចំនួនប្រមាណជាង ៧លាន ហិកតា។ ដូច្នេះហើយ កិច្ចការពារធនធានធម្មជាតិ ទប់ទល់នឹងការកាប់ឈើខុសច្បាប់ កាប់ឆ្ការរានដីព្រៃធ្វើចម្ការ និងការបរបាញ់ខុសច្បាប់ ទាមទារការសហការពីអាជ្ញាធរដែនដី សម្រាប់បទល្មើសកម្រិតមធ្យម និងការសហការពីកងរាជអាវុធហត្ថថ្នាក់ជាតិ សម្រាប់បទល្មើសទ្រង់ទ្រាយធំ ពោលគឺយើងធ្វើការរួមគ្នា ដើម្បីថែរក្សាទុកមរតកព្រៃឈើ និងសត្វព្រៃដ៏ល្អប្រពៃរបស់ខ្មែរយើង បន្តជាប្រយោជន៍ដល់កូនខ្មែរជំនាន់ក្រោយទៀត៕
អត្ថបទ៖ តាំង សុន្នី