សង្គម

សិស្សជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅខេត្តបាត់ដំបងបង្ហាញពីភាពសប្បាយរីករាយ បន្ទាប់ពីទទួលការបណ្តុះបណ្តាលជំនាញទន់បន្ថែម ដើម្បីចេញទៅប្រកបមុខរបរកាន់តែជោគជ័យ

image


បាត់ដំបង៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសដល់យុវជន យុវនាវី សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេក ទេសនិងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា។


តំណាងសិស្សដែលមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលជំនាញទន់បន្ថែមលើជំនាញគោល បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈកម្មសិក្សាការីកាន់តែមានការយល់ដឹងបន្ថែមទៀតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីចេញទៅប្រកបរបរនៅមូលដ្ឋានទទួលបានឱកាសច្រើនក្នុងការងារ និងបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារយ៉ាងពិតប្រាកដ។


ជាសិស្សរៀននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្អូនស្រី ប៉ូ ពិសី បានបញ្ជាក់ថា ប្អូនស្រីមកពីគ្រួសារក្រីក្រ បានចាប់យកជំនាញ Graphic Design អំពីការរចនា Banner Poster ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ឡូហ្គូ (Logo) រូបភាពធម្មជាតិទូទៅ និងកែច្នៃរូបភាពពីចាស់មកថ្មី បច្ចុប្បន្នកំពុងតែត្រៀមខ្លួនចុះធ្វើកម្មសិក្សានៅតាមសហគ្រាស និងក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើននូវចំណេះដឹងបន្ថែមទៀត សម្រាប់ចេញទៅប្រកបមុខរបរឲ្យកាន់តែទទួលបានជោគជ័យ។


ជាសិស្សនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង លោក ថន រិទ្ធី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានការរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈអស់រយៈពេល ៤ខែកន្លងមកនេះ លោកបានដាក់ក្តីសង្ឃឹមថា ការចុះកម្មសិក្សាក្នុងរយៈពេល ១៥ថ្ងៃខាងមុននេះនឹងអាចផ្សារភ្ជាប់បាន ក៏ដូចជាការបំពេញជំនាញរវាងទ្រឹស្តី និងការអនុវត្តការងារជាក់ស្តែងបានយ៉ាងពិតប្រាកដ។


ចំពោះប្អូនស្រី ទ្រី ដាវី បានឲ្យដឹងថា ប្អូនស្រី បានចាប់យកជំនាញតែងការក្នុងរយៈពេល ៤ខែមកហើយ គឺរៀនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ហើយសម្រាប់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ត្រូវបានម្ចាស់សម្អាងការមួយចំនួនបានហៅឲ្យទៅជួយតែងការ ផាត់មុខ ធ្វើសក់ ឬធ្វើក្រចក ដែលអាចរកប្រាក់ចំណូលបានចំនួន ១០ម៉ឺនរៀល ក្នុង១ថ្ងៃ។


យ៉ាងណាក៏តំណាងសិស្សទាំង ៣វិទ្យាស្ថានក្នុងខេត្តបាត់ដំបង បានសម្តែងនូវការថ្លែងអំណរគុណចំពោះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសដល់ពួកគាត់បានចូលរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់ការប្រកបមុខរបរ ចិញ្ចឹមជីវភាពរស់នៅក្នុងគ្រួសារបាននាពេលអនាគតផងដែរ។


សូមបញ្ជាក់ថាកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ស្ថិតក្រោមការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ក្រុមគោលដៅជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួន ១,៥លាននាក់ តាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែមចំនួន ២៨ម៉ឺនរៀល រយៈពេល ៤ខែនៃការសិក្សា ដើម្បីធ្វើឲ្យយុវជនម្នាក់មានជំនាញ១ យ៉ាងតិច សម្រាប់ប្រកបរបរចិញ្ចឹមជិវិត៕


អត្ថបទ៖ ឡាច សុគន្ធាវី