ព័ត៌មានជាតិ

ដំណើរការប្រឡងបាក់ឌុប នៅខេត្តកំពតឆ្នាំនេះមានស្ថានភាពល្អជាងឆ្នាំមុន

image


កំពត៖ ឆ្លងកាត់ការស៊ើបការ និងត្រួតពិនិត្យរយៈពេល១ថ្ងៃកន្លះ ក្រុមការងារអង្គភាពប្រឆាំអំពើពុករលួយ និងក្រុមការងារអប្បមាទប្រចាំខេត្តកំពត រួមនឹងអាជ្ញាធរ បានវាយតម្លៃថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកំពត ប្រព្រឹត្តទៅក្នុងស្ថានភាព និងបរិយាកាសល្អប្រសើរជាងឆ្នាំមុន ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ អនុរក្ស និងបេក្ខជនគោរពវិន័យ។ ការណ៍នេះ ដោយសារអាជ្ញាធរខេត្តយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សប្រឡង។

លោក ព្រំ សុរិទ្ធី អនុប្រធានទទួលបន្ទុកការងារស៊ើបការប្រចាំខេត្តកំពត របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានវាយតម្លៃបានថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងទាំង១០ ក្នុងខេត្តកំពត មានសភាពល្អប្រសើរ ទាំងខាងក្រៅ និងខាងក្នុងមណ្ឌលប្រឡង ក្នុងរយៈពេល ១ថ្ងៃកន្លះមកនេះ។ ការធ្វើកំណែទម្រង់ផ្សេងៗរបស់ក្រសួងអប់រំ បានពង្រឹងដល់គុណភាពនៃការសិក្សារបស់សិស្ស ពិសេសតម្លៃនៃសញ្ញាបត្របាក់ឌុបនៅកម្ពុជាឱ្យមានស្តង់ដាកាន់តែខ្ពស់។

ចំណែកឯតំណាងប្រធានក្រុមជំនួយការអប្បមាទខេត្តកំពត កញ្ញា វណ្ណ ឆវិន បានបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅខេត្តកំពតឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុនៗ ទាំងការរៀបចំ និងការចូលរួមរបស់សិស្ស ក្នុងការគោរពវិន័យ គ្មានសិស្សណាម្នាក់លាក់សំណៅឯកសារ ឬពេលអង្គុយប្រឡងងាកឆ្វេង ងាកស្តាំនោះទេ។ ការប្រឡងគឺប្រព្រឹត្តទៅដោយរលូន ពុំមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។

ជាមួយគ្នានេះដែរ លោក ងួន សារឿន ចៅសង្កាត់កំពង់បាយ បានបង្ហាញចំណាប់អារម្មណ៍ដែលថា បេក្ខជនដែលត្រូវចូលរួមប្រឡងបាក់ឌុបនៅឆ្នាំនេះ ទទួលបានកន្លែងស្នាក់នៅផង អាហារហូបចុកផង ការយាមយានជំនះដោយមិនយកថ្លៃផង។ ក្រោមការគិតគូរ និយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលខេត្ត បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ពេលប្រឡង មានភាពល្អប្រសើខ្លាំង ដោយមានកម្លាំងការពារ និងរក្សាសន្តិសុខច្រើន ហើយនៅតសមមណ្ឌលប្រឡងទាំងអស់គឺមានមន្ត្រីពេទ្យប្រចាំការជាប់ជាប្រចាំ។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកំពតឆ្នាំ២០២៤ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញរំពឹងថា បេក្ខជនប្រឡងនឹងប្រឡងជាប់ច្រើនជាងឆ្នាំមុន ពិសេសសិស្សនិទ្ទេស A និងកើនឡើង៕



អត្ថបទ៖ វង្ស សុធារម្យ