សង្គម

បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រកាសរកម្ចាស់ម៉ូតូ ជាង ៣០គ្រឿង ដែលចោរលួច និងរឹបអូស បានមកពីហាងបញ្ចាំខុសច្បាប់

image


បន្ទាយមានជ័យ៖ អស់រយៈពេលជាច្រើនខែកន្លងមកនេះ នៅក្រុងប៉ោយប៉ែតកម្លាំងអាវុធហត្ថនៃអធិការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការបង្ក្រាបចោរលួចម៉ូតូបានជាង ៣០គ្រឿង កំពុងតែប្រកាសរកម្ចាស់ដែលមានឯកសារគ្រប់គ្រាន់ដើម្បីប្រគល់ម៉ូតូជូនវិញ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ចោរលួចម៉ូតូ ១នាក់ ឈ្មោះ ខន ដាវ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកវត្ថុតាងម៉ូតូ ១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនចោរលួចម៉ូតូ តាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីចោរម្នាក់បានលួចម៉ូតូរបស់ជនរងគ្រោះបានហើយ យកទៅលក់នៅកន្លែងទទួលទិញ និងបញ្ចាំមួយកន្លែង។

ក្រោយពីទទួលបានពាក្យបណ្ដឹងហើយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានដឹកនាំកម្លាំងអាវុធហត្ថ មួយក្រុម ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ហើយក្រោយពេលស្តាប់ចម្លើយជនសង្ស័យរួចមកកម្លាំងជំនាញ និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ និងឆែកឆេរទីតាំងទទួលផលចោរកម្មមួយកន្លែងនោះ ស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយមានការចូលរួម លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង ព្រមទាំងមានកិច្ចសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងម្ចាស់ទីតាំងផងដែរ ពេលកម្លាំងត្រួតពិនិត្យ និងឆែកឆេរក្នុងទីតាំងខាងលើនោះរកឃើញមានម៉ូតូចំនួន ៣១គ្រឿង និងម៉ូតូកង់បីចំនួន១គ្រឿងផងដែរ សុទ្ធតែម៉ូតូចោរលួចយកមកលក់បញ្ចាំកន្លងមក។

ចំណែកឯជនសង្ស័យដែលជាអ្នកទទួលបញ្ចាំបានរត់គេចខ្លួនបាត់ ពេលដកហូតបានហើយ វត្ថុតាងម៉ូតូ ត្រូវបានកម្លាំងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់ដើម។

វត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យជាម្ចាស់ហាងបញ្ចាំសមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួន ចាត់តាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងទទួលការសម្របសម្រួលពី លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្ត អាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការដំណឹងដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យភិនភាគម៉ូតូនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារផង៕

អត្ថបទ៖ ជា ថន