ភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់បង្កដោយព្យុះមន្ថា វាយប្រហាររដ្ឋភាគខាងត្បូងប្រទេសឥណ្ឌា
ឥណ្ឌា៖ ព្យុះស៊ីក្លូនមន្ថា (Montha) ជាខ្យល់ព្យុះដ៏មានឥទ្ធិពលមួយដែលបានវាយប្រហាររដ្ឋ តេឡាន់ហ្គាណា (Telangana) និងឥន្ទ្រាប្រាដែស្ហ (Andhra Pradesh) ក្នុងប្រទេសឥណ្ឌា ដោយបង្កឱ្យមានទឹកជំនន់នៅក្នុងតំបន់ និងបណ្ដាលឱ្យមានការខូចខាតយ៉ាងដំណំ ។
ព្យុះនេះបានចាប់ផ្តើមបោកបាក់ចាប់តាំងពីយប់ថ្ងៃអង្គារ ក្នុងរដ្ឋឥន្ទ្រាប្រាដែស្ហ (Andhra Pradesh) ជាមួយនឹងកម្លាំងខ្យល់បោកបក់ប្រហែល ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលបក់ឆ្លងកាត់ដីគោក និងចុះខ្សោយឥទ្ធិពលនៅថ្ងៃព្រហស្បតិ៍ ។
ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាជាប់ៗគ្នា បានបង្កជាការជន់លិចតំបន់លំនៅឋាន និងផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ ដោយបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវជាប់គាំង និងយានយន្តជាច្រើនលិចនៅក្នុងទឹកជំនន់ដ៏ជ្រៅ។ ប្រជាពលរដ្ឋក្នុងតំបន់ បានរាយការណ៍ថា ហាងលក់ទំនិញត្រូវបិទទ្វា ខណៈដែលទំនិញក៏ត្រូវខូចខាត ហើយស្ថានភាពរបស់ពលរដ្ឋពិតជាលំបាកខ្លាំងណាស់ ។
ប្រជាជនមួយចំនួន បានត្អូញត្អែរថា មិនមានមេដឹកនាំនយោបាយណាម្នាក់ចុះមកជួយ តាំងពីទីតាំងរបស់ពួកគេប្រឈមទឹកជំនន់មកម្លេះ។ ក្នុងនោះដែរ អាជ្ញាធរ បានឆ្លើយតបដោយបង្កើតជំរំសង្គ្រោះប្រហែល ២,០០០ កន្លែង និងបានជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីតំបន់ទំនាបទៅកាន់ទីតាំងសុវត្ថិភាព ។
គេប៉ាន់ប្រមាណថា មនុស្សប្រហែល ៤លាននាក់នឹងរងផលប៉ះពាល់ដោយសារតែព្យុះនេះ ខណៈអាជ្ញាធរនៅតែកំពុងត្រួតពិនិត្យចំនួនអ្នកស្លាប់/របួស/បាត់ខ្លួន ស្របពេលរបាយការណ៍បឋមក្នុងស្រុក ឱ្យដឹងថា មានអ្នកស្លាប់ចំនួន ៣នាក់។ ក្នុងនោះដែរ ទីភ្នាក់ងារឧតុនិយម ព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅចុងសប្តាហ៍នេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ BY ARRANGEMENT/ Sakshi Post/ AP via The Indian Express