ក្រសួងពាណិជ្ជកម្មចិន មានសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាម៉េរិក
ចិន៖ ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលសម្រេចបានក្រោយជំនួបរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង នៅក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ។
រដ្ឋធានីប៉េកាំង និយាយថា ខ្លួនរំពឹងថានឹងធ្វើកិច្ចសហការជាមួយសហរដ្ឋអាម៉េរិក ដើម្បីធានាឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព ដែលនឹងនាំមកនូវស្ថិរភាពកាន់តែខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស្រី ហឺ យ៉ុងឈៀន (He Yongqian) បានលើកឡើងថា ចំណុចស្នូលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ សម្រេចបានបន្ទាប់ពីមានការឯកភាពគ្នាជាបឋមអំឡុងកិច្ចពិភាក្សារវាងមន្ត្រីអាម៉េរិក-ចិន នៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងកិច្ចពិភាក្សាបន្ទាប់នៅក្នុងប្រទេសកូរ៉េ ដោយរួមមាន ការកាត់បន្ថយពន្ធលើទំនិញនាំចូលទៅកាន់សហរដ្ឋអាម៉េរិក ទាក់ទងនឹងសារធាតុហ្វេតាណុលពី ២០% មកនៅ ១០% ជាដើម ។
អ្វីដែលសំខាន់ជាងនេះទៀត ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំ ដើម្បីធានាដល់ការផ្គត់ផ្គង់ជាបន្តនូវប្រភេទលោហៈធាតុកម្រសំខាន់ៗ ដែលជួយកាត់បន្ថយក្ដីព្រួយបារម្ភពាក់ព័ន្ធនឹងការផ្គត់ផ្គង់នាពេលថ្មីៗនេះ ។
ទោះបីជាបញ្ហាពាណិជ្ជកម្មមួយចំនួន ដូចជា អត្រាពន្ធ វិស័យកសិកម្ម និងការគ្រប់គ្រងលើការនាំចេញមានភាពល្អប្រសើរក៏ដោយ ក៏ប៉ុន្តែការខ្វែងគំនិតគ្នាសម្រាប់ចំណុចសំខាន់ៗមួយចំនួនខាងផ្នែកនយោបាយ និងបច្ចេកវិទ្យា ហាក់នៅតែមិនទាន់អាចដោះស្រាយបានរួចរាល់នោះទេ ។
បញ្ហាសំខាន់ៗខាងលើនេះ មានដូចជា ស្ថានភាពរបស់តៃវ៉ាន់ និងការរឹតបន្តឹងរបស់សហរដ្ឋអាម៉េរិកលើការនាំចេញបន្ទះឈីបកម្រិតខ្ពស់មកកាន់ប្រទេសចិន នៅតែជាបញ្ហាស្មុគស្មាញ និងមិនទាន់ដោះស្រាយបានរវាងមហាអំណាចពិភពលោកទាំងពីរនេះឱ្យបានដាច់ស្រេចនៅឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Yin Yeping via Global Times/ Evelyn Hockstein via REUTERS