ក្រសួងការបរទេសចិន៖ ចិន-អាម៉េរិក ព្រមព្រៀងលើចំណុចសំខាន់ៗជាច្រើន រួមទាំងការទិញសណ្ដែកសៀងអាម៉េរិក ២៥លានតោនក្នុងមួយឆ្នាំ
ចិន៖ ស្ថិតនៅក្នុងសន្និសីទសារព័ត៌ប្រចាំថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) និយាយថា មេដឹកនាំទាំងពីរបានឯកភាពគ្នាលើបញ្ហាសំខាន់ៗជាច្រើន ជាពិសេសយល់ព្រមបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម ។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាម៉េរិក លោក ស្កត ប៊េសស៊ែន (Scott Bessent) បានលើកឡើងថា ចិនបានប្តេជ្ញាថា នឹងទិញសណ្តែកសៀងរបស់អាម៉េរិកចំនួន ១២ លានតោន ចាប់ពីពេលនេះរហូតដល់ខែមករា ហើយបន្ទាប់មកនឹងទិញយ៉ាងហោចណាស់ ២៥ លានតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលបីឆ្នាំបន្ទាប់ ខណៈការប្តេជ្ញាចិត្តនេះ មានគោលបំណងជួយដល់កសិករដាំដុះសណ្តែកសៀងអាម៉េរិក ដែលរងផលប៉ះពាល់អវិជ្ជមានដោយសារតែសង្គ្រាមពាណិជ្ជកម្ម ។
ជាមួយគ្នានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញថា ពាណិជ្ជកម្មគឺជាកម្លាំងជំរុញដ៏វិជ្ជមានសម្រាប់ទំនាក់ទំនងចិន-អាម៉េរិក។ ទោះជាយ៉ាងណាក៏ដោយ លោកត្រាំ បញ្ជាក់ថា ពួកគេមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនោះទេ លើផលិតផលបន្ទះឈីប AI កម្រិតខ្ពស់ ការបញ្ជាទិញប្រេងរបស់រុស្ស៊ីដោយប្រទេសចិន យុទ្ធសាស្ត្រសម្រាប់អ៊ុយក្រែន ឬបញ្ហាតៃវ៉ាន់។
មុនកិច្ចប្រជុំនោះ លោកត្រាំបានប្រកាសថា លោកបានបញ្ជាឱ្យអាម៉េរិក បន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ភ្លាមៗ ដោយធ្វើឱ្យមានកម្រិតស្មើគ្នាជាមួយនឹងកម្មវិធីរបស់ប្រទេសដទៃ។ ក្នុងពេលដំណាលគ្នា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបដោយទទូចឱ្យអាម៉េរិក «បំពេញកាតព្វកិច្ចដោយភាពស្មោះត្រង់» ក្រោមសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរនៅទូទាំងពិភពលោក ដើម្បីរក្សាលំនឹងសកលលោក និងទប់ស្កាត់ការប្រកួតប្រជែងគ្រឿងសព្វាវុធថ្មីៗ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Global Times/ Andrew Harnik via Getty Images/ Evelyn Hockstein via REUTERS/ Reuters file photo/ VCG Photo