ព័ត៌មានអន្តរជាតិ

ទីក្រុងព្រៃនគរ ប្រទេសវៀតណាម គ្រោងដំណើរការរថយន្តក្រុងអគ្គិសនីចំនួន ៣,៦០០គ្រឿងនៅឆ្នាំ ២០៣០

image

ព្រៃនគរ, វៀតណាម៖ ទីក្រុងព្រៃនគរ(ហូជីមិញ) មានគម្រោងដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនសាធារណៈជាប្រភេទរថយន្តក្រុងអគ្គិសនីចំនួន ៣,៦០០គ្រឿងនៅឆ្នាំ ២០៣០ ដោយបញ្ឈប់ការប្រើប្រាស់រថយន្តដើរដោយម៉ាស៊ូត និងឧស្ម័នធម្មជាតិបន្តិចម្ដងៗ ។

ទីក្រុងធំបំផុតរបស់ប្រទេសវៀតណាម ឥឡូវនេះកំពុងចរាចរណ៍រថយន្តក្រុងសាធារណៈចំនួន ២,៤០០ គ្រឿង ដែលក្នុងនោះមាន ៧៤% ដំណើរការដោយប្រេងម៉ាស៊ូត ឬឧស្ម័នធម្មជាតិ ខណៈចំនួននៅសេសសល់គឺជារថយន្តអគ្គិសនី ។

ផែនការរបស់គណៈកម្មាធិការប្រជាជន មានគោលបំណងជំនួសឡានក្រុងដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីលទាំងអស់ ឱ្យក្លាយទៅជារថយន្តប្រើប្រាស់អគ្គិសនី និងបន្ថែមរថយន្តអគ្គិសនីចំនួន ១,៤៧៤ គ្រឿងទៀតក្នុងរយៈពេលជាបន្តបន្ទាប់ ស្របពេលផែនការផ្លាស់ប្តូរទាំងស្រុងទៅជារថយន្តអគ្គិសនី គឺជាគម្រោងលឿនជាងកាលកំណត់របស់រដ្ឋាភិបាលក្នុងរយៈពេលរហូតដល់ ២០ ឆ្នាំឯណោះ ។

ខណៈនេះ មានស្ថានីយសាកថ្មឡានក្រុងអគ្គិសនីចំនួន៥ទីតាំង ដែលមានឧបករណ៍សាកចំនួន ៥៦ ដែលគ្រប់គ្រាន់សម្រាប់តម្រូវការនាពេលបច្ចុប្បន្ន ប៉ុន្តែដើម្បីបំពេញតម្រូវការកើនឡើងនៅពេលអនាគត ទីក្រុងនេះ នឹងកៀរគរការវិនិយោគពីប្រភពសាធារណៈ និងឯកជន និងដំឡើងឧបករណ៍សាកចំនួន ៣៩៣ នៅឆ្នាំ ២០២៧ ដែលគ្រប់គ្រាន់សម្រាប់ឡានក្រុងចំនួន ៥,៥០០ គ្រឿង ។

ចាប់ផ្តើមពីឆ្នាំ ២០២៦ ទីក្រុងនេះ មានគម្រោងដាក់ការកំណត់បន្តិចម្តងៗនូវរថយន្តដែលប្រើប្រេងឥន្ធនៈហ្វូស៊ីល ពីការចូលទៅចរាចរណ៍នៅក្នុងតំបន់ដែលមានការបំភាយឧស្ម័នទាប (ដែលរួមបញ្ចូលទាំងតំបន់កណ្តាលទីក្រុង) ដោយចាប់ផ្តើមជាមួយនឹងតាក់ស៊ីម៉ែត្រ និងរថយន្តតាក់ស៊ីហៅតាមកម្មវិធីទូរសព្ទ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VN Express International | រូបភាព-Photo៖ Giang Anh via VN Express/ DAT THANH via The Saigon Times/ Anh Tu via Cổng thông tin đối ngoại Vietnam