ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីត្រាំ រម្លឹកឡើងវិញពីការប្រើប្រាស់គំនាបពន្ធ ២៥០% ដើម្បីបង្កើតសន្តិភាពឥណ្ឌា-ប៉ាគីស្ថាន

image

សហរដ្ឋអាម៉េរិក៖ ស្ថិតនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC CEO Summit ២០២៥ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរម្លឹកឡើងវិញថា លោកបានប្រើប្រាស់វិធីសាស្ត្រគំរាមយកពន្ធក្នុងអត្រាដ៏ខ្ពស់ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថានយ៉ាងឆាប់រហ័សកាលពីខែឧសភា ឆ្នាំ ២០២៥ ។

នាពេលនោះ លោកបានចេញការព្រមានថា លោកនឹងកំណត់អត្រាពន្ធគយលើប្រទេសទាំងពីររហូតដល់ ២៥០% ប្រសិនបើឥណ្ឌា-ប៉ាគីស្ថាន នៅតែមិនបញ្ឈប់ការប្រយុទ្ធគ្នានោះទេ ដោយការគំរាមនេះ នាំឱ្យមានបទឈប់បាញ់ក្នុងរយៈពេល ៤៨ម៉ោង ។

បន្ថែមពីនេះ លោកក៏បានលើកជាឧទាហរណ៍មួយផ្សេងទៀតថា លោកព្រមទាំងបានសម្រុះសម្រួលសន្តិភាពដោយជោគជ័យរវាងអាមេនី និងអាស៊ែបៃហ្សង់ កាលពីខែសីហា ដោយប្រើវិធីសាស្ត្រតែមួយនេះ។ ក្នុងនោះ លោកត្រាំ អះអាងថា សូម្បីតែប្រធានាធិបតីរុស្ស៊ី លោក ពុទីន ក៏មានការភ្ញាក់ផ្អើលដែរនៅពេលឃើញលោកអាចបញ្ឈប់ជម្លោះដែលអូសបន្លាយក្នុងរយៈពេលយូរតាមរយៈការប្រើប្រាស់ឥទ្ធិពលពាណិជ្ជកម្មយ៉ាងដូច្នេះ ។

លោកប្រធានាធិបតីត្រាំ បានថ្លែងបញ្ចប់សុន្ទរកថារបស់លោកនៅក្នុងព្រឹត្តិការណ៍ធុរកិច្ច APEC នេះដោយបញ្ជាក់ថា វិធីសាស្ត្ររបស់លោកក្នុងការប្រើប្រាស់ឥទ្ធិពលពាណិជ្ជកម្ម គឺដើម្បីបង្កើតសន្តិភាព ហើយវាពិតជាមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះយោធានៅតាមទីកន្លែងជាច្រើន រួមទាំងជម្លោះរយៈពេល៤ថ្ងៃរវាងឥណ្ឌា និងប៉ាគីស្ថានកាលពីដើមឆ្នាំ ក៏ដូចជាជម្លោះកម្ពុជា-ថៃ នាពេលថ្មីៗនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Propakistani