ក្រសួងយុត្តិធម៌ បើកការបណ្ដុះបណ្ដាលពង្រឹងបច្ចេកទេសសន្ធានកម្ម ដល់មន្រ្តីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន មកពីក្រុងស្រុក ទាំង ១៣ នៃខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានបើកការបណ្ដុះបណ្ដាលស្តីពី "ការពង្រឹងបច្ចេកទេសសន្ធានកម្ម ដល់មន្រ្តីការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង ស្រុក"។
ពិធិបើកវគ្គបណ្តុះបណ្តាល បានប្រព្រឹត្តទៅ នៅថ្ងៃទី៣០ ខែតុលា ក្រោមវត្តមានលោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ក្រសួងយុត្តិធម៌ និងមានសិក្ខាកាមចូលរួមចំនួន ៤៩រូប ជាអភិបាល អភិបាលរង និងមន្ត្រីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានមកពីក្រុង-ស្រុក ទាំង ១៣ នៃរដ្ឋបាលខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលលើបច្ចេកទេសសន្ធានកម្ម ដល់អភិបាលរង និងមន្ត្រីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ដែលជាតួអង្គប្រតិបត្តិផ្ទាល់ក្នុងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កើននូវសមត្ថភាព ការយល់ដឹង និងជំនាញជាក់លាក់។
ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាលនេះនេះ នឹងជួយដល់ការចូលរួមគាំទ្រដល់ការអនុវត្តកម្មវិធីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលសំដៅផ្ទេរសិទ្ធអំណាច មុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម៕