ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ប្រជាជនកម្ពុជានៅទីក្រុងភ្នំពេញបច្ចុប្បន្ន កំពុងតែចាប់អារម្មណ៍ចំពោះការប្រើប្រាស់រថយន្តអគ្គិសនី ដែលនេះជាផ្នែកមួយ ក្នុងការគាំពារដល់បរិស្ថាន

image


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។


លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ លោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ព្រមទាំងប្រតិភូដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា នេះគឺជាការជួបគ្នាសារជាថ្មី ហើយសង្ឃឹមថាប្រតិភូនឹងបានឃើញពីការវិវត្តន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចតេជោក៏បានអបអរសាទរចំពោះការចូលរួមរបស់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកល ឆ្នាំ ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ។
នៅក្នុងឱកាសនោះលោកប្រធាន វិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ បានជួបសម្ដែងការគួរសម និងបានស្ដាប់នូវការចែករំលែកទស្សនៈរបស់សម្ដេចនាឱកាសនេះ។ លោកក៏បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា តាំងពីការដឹកនាំរបស់សម្ដេចតេជោ រហូតមកដល់ការដឹកនាំរបស់សម្ដេចធិបតីជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះ។ លោកបានលើកឡើងថា កម្ពុជាបានចូលរួមចំណែកដ៏សកម្ម ទាំងការចូលរួមចំណែកក្នុងតំបន់ ក្នុងគោលដៅការការពារបម្រែបម្រួលអាកាសធាតុ និងការជំរុញឲ្យមានភាពបៃតងនៅលើពិភពលោក។


សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការចាប់អារម្មណ៍ ទាក់ទងទៅនឹងតួនាទីរបស់ KSI ក្នុងការចូលរួមចំណែក និងផ្ដល់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ផងទាក់ទងទៅនឹងបរិស្ថាន។ សម្ដេចតេជោ បានរំលេច និងចែករំលែកអំពីទស្សនវិស័យទាក់ទងទៅនឹងការគ្រប់គ្រងប្រទេសកម្ពុជា ក៏ដូចជាការធ្វើយ៉ាងណាចូលរួមចំណែកក្នុងវិស័យការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងសកលលោក។ សម្ដេចតេជោបានលើកជាឧទាហរណ៍ នាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ កម្ពុជាបានចូលរួមចំណែកជាមួយ ពិភពលោក ដោយមិនគិតថា ប្រទេសតូច ឬប្រទេសធំនោះទេ សុទ្ធតែមានចំណែកទទួលខុសត្រូវ នៅក្នុងការការពារបរិស្ថាន ដោយធ្វើយ៉ាងណាកាត់បន្ថយការបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក។


សម្ដេចតេជោ បានរំលេចអំពីស្ថានភាពនាពេលបច្ចុប្បន្នរបស់កម្ពុជា ទាក់ទងទៅនឹងការប្រើប្រាស់រថយន្ត ដោយសម្ដេចបានបញ្ជាក់ថា ប្រជាជនកម្ពុជានៅទីក្រុងភ្នំពេញបច្ចុប្បន្ន កំពុងតែចាប់អារម្មណ៍ចំពោះការប្រើប្រាស់រថយន្តអគ្គិសនី ដែលនេះជាផ្នែកមួយក្នុងការគាំពារដល់បរិស្ថាន កាត់បន្ថយឧស្ម័នពុល និងរួមចំណែកជំរុញឱ្យមានភាពល្អប្រសើរដល់បរិស្ថាន និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។ កម្ពុជាក៏បានធ្វើកិច្ចការងារជាច្រើនទៀត ក្នុងនាមជាសមាជិកអាស៊ានផង និងជាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកក្នុងការជំរុញភាពបៃតងនៅក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ។


លោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានចែករំលែក ដោយការចែករំលែកនេះ គឺពិតជាមានសារៈសំខាន់ ដែលអាចធ្វើឲ្យក្រុមអ្នកស្រាវជ្រាវរបស់លោកយកទៅដាក់ក្នុងផែនការស្រាវជ្រាវ និងជាគំនិតយោបល់បន្ថែម ដើម្បីឲ្យក្រុមស្រាវជ្រាវរបស់លោកយកទៅបង្ហាញទៅដល់វេទិកាសាធារណៈផ្សេងៗ៕
អត្ថបទ៖ សន ពិសិដ្ឋ