សម្តេចបវរធិបតី ជួបពិភាក្សាតាមទូរសព្ទជាមួយនាយក នៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេចទើបជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក"។ នេះបើយោងតាមការឲ្យដឹងតាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាយប់ថ្ងៃទី ៣១ តុលា ឆ្នាំ២០២៥នេះ។
សម្តេចបរធិបតី បានឲ្យដឹងលទ្ធផលជំនួបថា "យើងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា"។
សម្តេចបវរធិបតី ក៏បានបញ្ជាក់ថា "ជាជំហានបន្ទាប់ យេីងបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI ដេីម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងប្រទេសយេីងទាំងពីរ"៕
អត្ថបទ៖ ហ៊ន សុភ័ក្រ