លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ជឿជាក់ថា ការចូលជារដ្ឋសមាជិកទី១១ របស់ប្រទេសទីម័រឡេស្តេ នឹងជួយបង្កើននូវថាមពល និងភាពរស់រវើកថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានរួមគ្នា
ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស និងថ្លែងសុន្ទរកថាក្នុងកម្មវិធីអបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១ ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា កម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រជាជនទីម័រឡេស្តេ និងការចូលជាសមាជិកទី១១រ បស់ប្រទេសទីម័រឡេស្តេក្នុងគ្រួសារអាស៊ាន។ ការចូលជារដ្ឋសមាជិកផ្លូវការរបស់ប្រទេសទីម័រឡេស្តេក្នុងសហគមន៍អាស៊ាននៅពេលនេះ បានចារទុកក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីបានខិតខំតស៊ូ និងព្យាយាមអស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។ ពិតណាស់ ការណ៍ដែលប្រទេសទីម័រឡេស្តេ ក្លាយជារដ្ឋសមាជិកអាស៊ាន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ទីម័រឡេស្តេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប្រយោជន៍ដល់អាស៊ានផងដែរ ព្រោះការចូលជាសមាជិកថ្មីនេះ នឹងនាំមកនូវអត្តសញ្ញាណថ្មី, គុណតម្លៃ, ភាពរស់រវើក, និងកម្លាំងថ្មីដល់សហគមន៍។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងផងដែរថា “តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេទាំងអស់ ក៏ដូចជាសូមអបអរសាទរផ្ទាល់ ជូនចំពោះលោកឯកអគ្គរដ្ឋទូត Marcos Dos Reis Da Costa សម្រាប់ថ្ងៃដ៏មានអត្ថន័យ និងរីករាយបំផុតនេះ។” ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្រ្តីប្រចាំការបានវាយតម្លៃខ្ពស់ និងបានគូសបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្រ្តនេះ មិនត្រឹមតែជាដំណើរដ៏គួរឱ្យកោតសរសើររបស់ទីម័រឡេស្តេក្នុងការតស៊ូ, ការកសាងជាតិ, និងការប្តេជ្ញាចិត្តចំពោះសន្តិភាព, ស្ថិរភាព, វិបុលភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ និងឥតរង្គោះរង្គើរបស់អាស៊ាន ឆ្ពោះទៅកាន់ការធ្វើសមាហរណកម្មតំបន់ឱ្យបានពេញលេញ ហើយនេះក៏បានសរបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាស៊ានក្នុងការបន្តក្លាយជាគ្រួសារមួយដែលពោរពេញដោយបរិយាបន្ន, ភាពរស់រវើក, ចក្ខុវិស័យវែងឆ្ងាយ, និងឯកភាពគ្នាក្នុងសហគមន៍តែមួយ។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានរលឹកឡើងវិញថា “យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលបានឃើញសក្ខីភាពនៃចំណុចរបត់ដ៏សំខាន់នេះ ដែលជាចំណុចមួយអាចពង្រឹងស្មារតីសាមគ្គីភាពរបស់សហគមន៍អាស៊ាន និងការវិវត្តជាបន្តបន្ទាប់ ទៅជាសហគមន៍មួយដែលពោរពេញដោយមិត្តភាព, ការគោរពគ្នាទៅវិញទៅមក, ផលប្រយោជន៍រួម និងបំណងប្រាថ្នារួមគ្នា ស្របតាមពាក្យស្លោក «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយសហគមន៍តែមួយ»។ ទន្ទឹមនេះ អាស៊ាន ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការសម្របសម្រួលលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ។”
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការចូលជារដ្ឋសមាជិករបស់ប្រទេសទីម័រឡេស្តេ នឹងជួយបង្កើននូវថាមពល និងភាពរស់រវើកថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានរួមគ្នា និងពង្រឹងបន្ថែមទៀតនូវតួនាទីរបស់អាស៊ាន ដើម្បីក្លាយជាស្ថាប័នតំបន់ដែលមានភាពជោគជ័យបំផុតក្នុងពិភពលោក។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តមានសេចក្តីសោមន្សរីករាយចំពោះមិត្តភាព និងទំនាក់ទំនងដ៏កក់ក្តៅ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០០២ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយចំណងមិត្តភាពនេះ បាននិងកំពុងបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងវេទិកាទ្វេភាគី និងពហុភាគី។ ការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងកិច្ចសន្ទនាជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិតជាបានជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណងមិត្តភាពប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក។ចំណងមិត្តភាពដ៏ជិតស្និទ្ធនេះ បានសរបញ្ជាក់កាន់តែច្បាស់ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច តេជោ ប្រធានព្រឹទ្ធសភា ទៅកាន់ប្រទេសទីម័រឡេស្តេកាលពីដើមខែឧសភា ឆ្នាំនេះ ដែលក្នុងអំឡុងពេលនោះ សម្ដេចតេជោ បានទទួលការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតពីសំណាក់រដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ដូចបងប្អូន។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់សារជាថ្មីថា ប្រទេសកម្ពុជា នឹងនៅតែបន្តគាំទ្រទីម័រឡេស្តេក្នុងសហគមន៍អាស៊ាន ហើយបំណងប្រាថ្នារួមគ្នារបស់យើង គឺសម្រេចឱ្យបាននូវតំបន់អាស៊ីអាគ្នេយ៍ ដែលកាន់តែមានការតភ្ជាប់, ឯកភាព, ភាពធន់, និងវិបុលភាព។ សូមឱ្យជំពូកថ្មីនេះនាំមកនូវឱកាសកាន់តែច្រើនសម្រាប់ប្រជាជនរបស់យើង ហើយចំណងមិត្តភាព និងសាមគ្គីភាពកាន់តែស៊ីជម្រៅរវាងប្រទេសយើងទាំងពីរ និងអាចលើសពីនេះទៀត។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានជូនពរដល់ប្រទេសទីម័រឡេស្តេ និងគ្រួសារអាស៊ានទាំងមូល សូមមានតែចំណងមិត្តភាព និងឯកភាពគ្នា ដែលជាចំណងដ៏រឹងមាំចងភ្ជាប់មិត្តភាពរបស់យើង៕