បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ ខណៈប្រពន្ធកូនខ្ចីចាំប្តីនៅផ្ទះ
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តមិនចាំម៉ាកបុកស្លាប់ក្រោមស្តុប រួចបើករត់គេចខ្លួនបាត់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្រោមស្តុបព្រះសក្យមុនីចេតិយ ត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីបុរសសន្តិសុខម្នាក់ ដែលអង្គុយយាមនៅក្បែរទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងអង្គុយយាមនៅកែងស្តុប ក៏ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាក់ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GY-0827 បើកបរបុរសម្នាក់ តាមបណ្តោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង។
បុរសខាងលើបានបន្តថា បន្ទាប់មកគាត់ឃើញរថយន្ត ពណ៌ខ្មៅ១គ្រឿង ជាប្រភេទរថយន្តភីគអាប់ ម៉ាកហ្វត មិនចាំផ្លាកលេខ បើកបរតាមបណ្តោយផ្លូវលេខ១០៨ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែក រថយន្តក៏បានបើកបុកម៉ូតូទាំងកំរោល បណ្តាលឲ្យបុរសម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់។
អ្នកឃើញហេតុការណ៍បានបន្តទៀតថា បន្ទាប់ពីបុករួច រថយន្តបង្កបានបន្តបើកទៅមុខក្នុងល្បឿនលឿន គេចចេញពីទីតាំងកើតហេតុ។ ឃើញដូចនេះពលរដ្ឋក៏បាននាំគ្នារាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន និងសុំរថយន្តសាម៉ុយ ដើម្បីបញ្ជូនបុរសរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ។ ជនរងគ្រោះ មានឈ្មោះ សួង សា អាយុជាង២០ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ មានទីលំនៅខេត្តព្រៃវែង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកសព ត្រូវបានមន្ត្រីជំនាញប្រគល់ជូនប្រពន្ធខណៈកំពុងមានកូនខ្ចី៕
អត្ថបទ ៖ រដ្ឋ រង្សី