វៀតណាមប្តេជ្ញារក្សាគោលដៅលូតលាស់សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦ ទោះរងសម្ពាធឱនភាពពាណិជ្ជកម្ម និងអតិផរណាក៏ដោយ
ហាណូយ, វៀតណាម៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម នៅថ្ងៃពុធនេះ បានថ្លែងថា ប្រទេសវៀតណាម នឹងនៅតែបន្តប្រកៀកប្រកិតជាមួយគោលដៅលូតលាស់សេដ្ឋកិច្ចរបស់ខ្លួនក្នុងកម្រិត ១០ ភាគរយសម្រាប់ឆ្នាំនេះ បើទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាឱនភាពពាណិជ្ជកម្ម ព្រមទាំងបញ្ហាប្រឈមដទៃទៀតក៏ដោយ ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីហាណូយ លោក ង្វៀន ឌឹកជី (Nguyen Duc Chi) បានលាតត្រដាងថា ជញ្ជីងពាណិជ្ជកម្មរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវគេប៉ាន់ប្រមាណថាបានធ្លាក់ចូលក្នុងស្ថានភាពឱនភាពរហូតដល់ ១៥ ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆមាសទី១ នាឆ្នាំនេះ ដែលការធ្លាក់ចុះនេះ មានភាពបញ្រ្ចាសគ្នាពីស្ថានភាពអតិរេកពាណិជ្ជកម្ម (ការលក់ចេញច្រើនជាងទិញចូល) ចំនួន ៧,៦ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
លោក ជី បានពន្យល់ថា មូលហេតុដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មនេះ ក៏ដោយសារតែតម្លៃនៃការនាំចូលប្រេងឥន្ធនៈមានការហក់ឡើងខ្ពស់ ដែលជាផលវិបាកបង្កឡើងដោយសារតែសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ទោះជាយ៉ាងណាក្ដី លោកបានបង្ហាញពីជំនឿចិត្តថា «កំណើននៃការនាំចេញនឹងមានសន្ទុះលឿនឡើងវិញ នៅក្នុងរយៈពេលដែលនៅសេសសល់នៃឆ្នាំនេះ ដែលវានឹងជួយបង្រួញទំហំឱនភាពពាណិជ្ជកម្មសម្រាប់ពេញមួយឆ្នាំ» ។
ក្រៅពីបញ្ហាឱនភាពពាណិជ្ជកម្មដែលកំពុងរីកធំឡើងនោះ ថ្លៃដើមប្រេងឥន្ធនៈដែលកាន់តែខ្ពស់ ក៏បានដាក់សម្ពាធកាន់តែខ្លាំងផ្នែកអតិផរណាទៅលើប្រព័ន្ធសេដ្ឋកិច្ចផងដែរ។ អត្រាអតិផរណាប្រចាំឆ្នាំបានហក់ឡើងដល់ ៥,៦ ភាគរយ គិតត្រឹមខែឧសភា ដែលកម្រិតនេះគឺខ្ពស់ជាងគោលដៅពេញមួយឆ្នាំរបស់រដ្ឋាភិបាលដែលបានកំណត់ត្រឹម ៤.៥ ភាគរយ។ បើគិតត្រឹមរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ វៀតណាមបានរាយការណ៍ពីឱនភាពពាណិជ្ជកម្មចំនួន ១៣.៨ ពាន់លានដុល្លារអាម៉េរិក ដែលផ្ទុយពីអតិរេក ៥,១ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ទន្ទឹមនឹងនេះ ប្រព័ន្ធសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់វៀតណាម ក៏កំពុងរងនូវការរឹតបន្តឹងពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ផងដែរ ក្រោមការចោទប្រកាន់ថា បានធ្វើឱ្យខូចទ្រង់ទ្រាយពាណិជ្ជកម្ម តាមរយៈការផលិតទំនិញលើសតម្រូវការទីផ្សារ ការរំលោភលើកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់ទំនិញដែលផលិតចេញពីកម្លាំងពលកម្មដោយបង្ខំ ។
កាលពីដើមខែនេះ សហរដ្ឋអាម៉េរិកបានស្នើឡើងនូវការដំឡើងពន្ធរហូតដល់ ១២,៥ ភាគរយ លើការនាំចូលទំនិញពីប្រទេសចំនួន ៦០ រួមទាំងប្រទេសវៀតណាមផងដែរ បន្ទាប់ពីរកឃើញថា ប្រទេសទាំងនោះបានបរាជ័យក្នុងការទប់ស្កាត់ការជួញដូរទំនិញដែលបង្កឡើងដោយពលកម្មបង្ខំ។ ទាក់ទិននឹងរឿងនេះ ភាគីវៀតណាមបានឆ្លើយតបវិញថា ការវាយតម្លៃរបស់អាម៉េរិក មិនបានឆ្លុះបញ្ចាំងពេញលេញ ឬត្រឹមត្រូវអំពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយ និងកាត់បន្ថយបញ្ហារបស់ខ្លួននោះឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (REUTERS/Athit Perawongmetha)/ Reuters/ AP