ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បន្តវាយប្រហារលើប្រទេសលីបង់ ទោះបីជាសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ប្រកាសកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ

image

លីបង់៖ ស្ថានភាពសង្រ្គាមនៅភាគខាងត្បូងប្រទេសលីបង់ នៅតែបន្តផ្ទុះឡើងយ៉ាងក្តៅគគុក ដោយការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ីស្រាអ៊ែល បានវាយប្រហារចំតំបន់ណាបាទីយ៉េ (Nabatieh) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ បានធ្វើឡើងចំពេលដែលតួលេខអ្នកស្លាប់សរុប បានហក់ឡើងដល់ ៣,៨២៦ នាក់ ចាប់តាំងពីសង្គ្រាមជុំចុងក្រោយបានផ្ទុះឡើងកាលពីខែមីនា ដែលនេះកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចក្នុងស្រុក ។

 

ការវាយប្រហារដ៏ខ្លាំងក្លាកាលពីថ្ងៃអង្គារ បានកើតឡើងផ្ទុយស្រឡះពីរបត់នយោបាយសកល បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលាតត្រដាងពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះ។ កិច្ចព្រមព្រៀងនេះ មានផលចំណេញផ្នែកសេដ្ឋកិច្ចធំធេង តាមរយៈការត្រៀមដកទណ្ឌកម្មលើអ៊ីរ៉ង់, ការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញនៅថ្ងៃសុក្រខាងមុខ ដើម្បីឱ្យចរន្តប្រេងពិភពលោកហូរចុះឡើងសារជាថ្មី និងបញ្ចប់ការបិទផ្លូវទឹករបស់កងទ័ពជើងទឹកអាម៉េរិកលើអ៊ីរ៉ង់ ។

 

ទោះជាយ៉ាងណាក៏ដោយ ផែនការសន្តិភាពសកលនេះ កំពុងជួបភាពរកាំរកូស ដោយសារតែរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល បានប្រកាសថា កងទ័ពរបស់ខ្លួននឹងមិនដកថយចេញពីទឹកដីដែលដណ្តើមបានក្នុងប្រទេសលីបង់ឡើយ។ ជំហរនេះ បានធ្វើឱ្យលោក ដូណាល់ ត្រាំ ចេញមុខរិះគន់ថាលោកមិនសប្បាយចិត្តចំពោះទង្វើរបស់អ៊ីស្រាអ៊ែលសោះឡើយ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ណេតាន់យ៉ាហ៊ូ បានឆ្លើយតបបែបការទូតថា លោក និងលោក ត្រាំ មិនមែនតែងតែមានទស្សនៈស៊ីច្រវាក់គ្នារហូតនោះទេ ។

 

ទោះបីជាមានភាពមិនចុះសម្រុងគ្នាក៏ដោយ ភាគីអ៊ីរ៉ង់ បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ឬ MOU ផ្លូវការជាមួយអាម៉េរិក នឹងត្រូវចុះហត្ថលេខានៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ទោះបីជាការចរចាចុងក្រោយត្រូវពន្យារពេលក៏ដោយ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ សង្កត់ធ្ងន់ថា ការបញ្ឈប់ការប្រយុទ្ធគ្នារបស់អ៊ីស្រាអ៊ែលនៅក្នុងប្រទេសលីបង់ គឺជាលក្ខខណ្ឌចាំបាច់ និងដាច់ខាត មុននឹងអាចឈានទៅរកការបិទបញ្ចប់សង្គ្រាមទាំងស្រុងនៅក្នុងតំបន់ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.