លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ជាង ២,០០០នាក់ ដែលចូលរួមធានាតម្លាភាពការប្រឡងជ្រើសរើសមន្ត្រីរាជការ
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមតាមដានដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដើម្បីបម្រើការងារតាមក្រសួង-ស្ថាប័ន នៅសាលាភូមិន្ទរដ្ឋបាល។
ក្នុងឱកាសនោះ ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា ការចូលរួមរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត គឺជាយន្តការសំខាន់ក្នុងការធានាតម្លាភាព យុត្តិធម៌ និងគុណាធិបតេយ្យ នៃការប្រឡងជ្រើសរើសមន្ត្រីរាជការ ព្រមទាំងជួយពង្រឹងទំនុកចិត្តរបស់សាធារណជនចំពោះប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ។
គិតត្រឹមការប្រឡងចំនួន ៥៨លើកកន្លងមក មានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចូលរួមសរុបជាង ២,០០០នាក់ មកពីសាធារណជន សាកលវិទ្យាល័យ វិទ្យាស្ថាន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយបើកចំហ តម្លាភាព និងប្រសិទ្ធភាព ស្របតាមគោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ វង សុភ័ក្ត្រ