អ្នកឧកញ៉ា គិត ម៉េង សង្ឃឹមថា វិនិយោគិនអន្តរជាតិ នឹងមើលឃើញកាន់តែច្បាស់ពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា ក្រោយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា (ASEAN-BAC) សង្ឃឹមថា វិនិយោគិន និងសហគ្រិនមកពីសហគមន៍ហ្វ្រង់កូហ្វូនី នឹងមើលឃើញកាន់តែច្បាស់ពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគ ពាណិជ្ជកម្មនៅកម្ពុជា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងកិច្ចប្រជុំអមពាក់ព័ន្ធ ក្នុងនោះរួមទាំងវេទិកាធុរកិច្ចហ្វ្រង់កូហ្វូន ព្រមទាំងដំណើរទស្សនកិច្ចនៅកម្ពុជា។
ការថ្លែងនេះក្នុងឱកាសដែលអ្នកឧកញ៉ា គិត ម៉េង អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាហ្វ្រង់កូហ្វូនលើកទី៦ (La REF 2026) ក្រោមមូលបទ «នវានុវត្តន៍៖ កម្លាំងចលករសម្រាប់ហ្វ្រង់កូហ្វូនប្រកបដោយចីរភាព និងសមាហរណកម្ម» នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីលោក Ahmed Cissé ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បណ្តាអង្គទូត និងវិនិយោគិនជាតិ-អន្តរជាតិមកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារំាងយ៉ាងច្រើនកុះករ។
ជាមួយគ្នានេះ ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសិល្បករខ្មែរផងដែរ។
ក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញក្តីសង្ឃឹមថា គណៈប្រតិភូ និងធុរជនអន្តរជាតិដែលបានមកចូលរួមព្រឹត្តិការណ៍នានានៅកម្ពុជា នឹងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីសេដ្ឋកិច្ច សហគ្រិនភាព និងឱកាសដែលកម្ពុជាអាចអភិវឌ្ឍរួមគ្នាជាមួយដៃគូអន្តរជាតិ។
អ្នកឧកញ៉ាបានលើកឡើងថា ក្រៅពីការនាំយកអនុស្សាវរីយ៍អំពីប្រទេសកម្ពុជា ប្រជាជន វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ត្រឡប់ទៅប្រទេសកំណើតវិញ លោកសង្ឃឹមថា ភ្ញៀវអន្តរជាតិនឹងនាំយកទៅជាមួយនូវការយល់ដឹងកាន់តែច្បាស់អំពីសក្តានុពលសេដ្ឋកិច្ច និងឱកាសធុរកិច្ចដែលអាចបង្កើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ «ខ្ញុំក៏សង្ឃឹមផងដែរថា លោកអ្នកនឹងចាកចេញទៅវិញជាមួយនឹងការយល់ដឹងកាន់តែច្បាស់អំពីសេដ្ឋកិច្ច សហគ្រិនរបស់យើង និងឱកាសដែលយើងអាចអភិវឌ្ឍរួមគ្នា»។
អ្នកឧកញ៉ាបានបន្ថែមថា ដំណើរទស្សនកិច្ចនេះគួរតែក្លាយជាចំណុចចាប់ផ្តើមនៃទំនាក់ទំនងធុរកិច្ចរយៈពេលវែង ដោយសហគ្រិន និងវិនិយោគិនហ្វ្រង់កូហ្វូនីអាចបន្តវិលត្រឡប់មកកម្ពុជាវិញ ដើម្បីស្វែងរកឱកាសវិនិយោគ ធ្វើពាណិជ្ជកម្ម និងបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក។
ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានបង្ហាញពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយចង់ឃើញធុរកិច្ចកម្ពុជាស្វែងរកដៃគូបច្ចេកវិទ្យា និងទីផ្សារថ្មីៗនៅទូទាំងពិភពហ្វ្រង់កូហ្វូនី ខណៈដែលកម្ពុជាក៏អាចក្លាយជាទីតាំងសម្រាប់ធុរជនហ្វ្រង់កូហ្វូនីពង្រីកប្រតិបត្តិការធុរកិច្ចនៅតំបន់មេគង្គ និងអាស៊ានផងដែរ។
ដើម្បីជំរុញឱ្យឱកាសទាំងនេះក្លាយជាលទ្ធផលជាក់ស្តែង អ្នកឧកញ៉ាបានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនត្រៀមខ្លួនជួយសម្របសម្រួលការភ្ជាប់ទំនាក់ទំនងរវាងធុរជន ស្វែងរកឱកាស និងជំរុញកិច្ចពិភាក្សាឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការវិនិយោគ និងគម្រោងសហប្រតិបត្តិការជាក់ស្តែង។
អ្នកឧកញ៉ាក៏បានស្នើឱ្យសហគមន៍ធុរកិច្ចហ្វ្រង់កូហ្វូនីបន្តរក្សាទំនាក់ទំនងជាមួយស្ថាប័នទាំងពីរ និងចែករំលែកផែនការធុរកិច្ច ដើម្បីឱ្យភាគីពាក់ព័ន្ធអាចជួយគាំទ្រ និងសម្របសម្រួលដល់ជំហានបន្ទាប់នៃកិច្ចសហប្រតិបត្តិការបន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍។
គួរបញ្ជាក់ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងកិច្ចប្រជុំអមពាក់ព័ន្ធ ព្រមទាំងវេទិកាធុរកិច្ចហ្វ្រង់កូហ្វូនលើកទី៦ (La REF 2026) ដែលរៀបឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)។
វេទិកានេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ ១៥ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូធុរកិច្ចពីបណ្តាប្រទេសនិយាយភាសាបារាំង និងប្រទេសដៃគូជាង ៤០ប្រទេស ក្នុងទ្វីបអាស៊ី អឺរ៉ុប អាមេរិកខាងជើង និងអាហ្វ្រិក ដើម្បីជួបពិភាក្សាធុរកិច្ច និងជំរុញលំហូរវិនិយោគជាក់ស្តែង ការបណ្តាក់ទុនរួមគ្នា ព្រមទាំងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែនលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ បច្ចេកវិទ្យានិងឌីជីថល កសិ-ឧស្សាហកម្មនិងការកែច្នៃម្ហូបអាហារ ថាមពលស្អាតនិងបរិស្ថាន សំណង់និងអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុនិងការប្រឹក្សាយោបល់ ពាណិជ្ជកម្ម ភស្តុភារកម្មនិងការដឹកជញ្ជូន សុខាភិបាលនិងវេជ្ជសាស្ត្រ ទេសចរណ៍ សណ្ឋាគារនិងភោជនីយដ្ឋាន ការអប់រំនិងការបណ្តុះបណ្តាល និង វិស័យរ៉ែ និងធនធានធម្មជាតិ។
ទន្ទឹមនឹងនេះ ក៏មានកិច្ចពិភាក្សាផ្តោតលើប្រធានបទគន្លឹះសម្រាប់ការរីកចម្រើនក្នុងតំបន់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក ថាមពល ច្រករបៀងពាណិជ្ជកម្មអាស៊ាន-ហ្វ្រង់កូហ្វូនី (ASEAN–Francosphere) ការបណ្តាក់ទុនរួមគ្នា ទីផ្សារឌីជីថល និងក្របខ័ណ្ឌច្បាប់ស្តីពីការការពារការវិនិយោគ៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត់ និងង៉ាន់ សំណាង