ថ្នាក់ដឹកនាំហ្វ្រង់កូហ្វូនី នឹងពិភាក្សាអំពី ការពង្រឹងតួនាទីក្នុងការបង្ការជម្លោះ និងសម្របសម្រួល នៅថ្ងៃទី១៦ ខែវិច្ឆកា ស្នែកនេះ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ថ្នាក់ដឹកនាំហ្វ្រង់កូហ្វូនី គ្រោងនឹងពិភាក្សាលើសេចក្តីសម្រេចស្តីពី ការបង្ការជម្លោះ ការសម្របសម្រួល និងការស្តារឡើងវិញក្រោយវិបត្តិ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២៦ ខណៈអង្គការនេះកំពុងពិចារណាពង្រឹងតួនាទីរបស់ខ្លួនក្នុងការជួយសមាជិកដោះស្រាយវិបត្តិ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងដូចនេះ ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បន្ទាប់ពីសម្តេចធិតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូល ដោយអំពាវនាវឱ្យកម្ពុជា និងថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងបន្តការងាររួមគ្នាក្នុងការវាស់វែង និងបោះបង្គោលព្រំដែនគោកឡើងវិញ។
លោក នេត្រ ភក្ត្រាបានលេីកឡេីងយ៉ាងដូច្នេះថា៖ «ឯកសារនយោបាយនេះ លើកកម្ពស់សន្ដិភាព សហវិជ្ជមាន កិច្ចសហប្រតិបត្ដិការសង្គម វប្បធម៌ សេដ្ឋកិច្ច និងការអភិវឌ្ឍសហគម។ ទីពីរ គឺសេចក្តីសម្រេចស្ដីពីស្ថានភាពវិបត្ដិផ្តោតលើការបង្ការជម្លោះ ការគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ការស្វែងរកច្រកចេញពីវិបត្តិ និងការគាំទ្រការស្តារឡើងវិញ និងការកសាងសន្តិភាពក្រោយវិបត្តិ»។
លោករដ្ឋមន្ដ្រីព័ត៌មាន បានបញ្ជាក់ថា សេចក្តីសម្រេចនេះជាឯកសារក្នុងចំណោមឯកសារចំនួនបី ដែលត្រូវបានដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សា និងពិចារណាអនុម័តនៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូល។
ចំពោះឯកសារទីបីគឺ សេចក្តីអំពាវនាវក្រុងភ្នំពេញ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជាស្តីពី ការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌។
លោករដ្ឋមន្ដ្រីព័ត៌មាន ក៏បានឱ្យដឹងដែរថា កិច្ចប្រជុំកំពូលនេះនឹងផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំពិភាក្សាអំពីតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការជំរុញកិច្ចសន្ទនា កសាងទំនុកចិត្ត និងគាំទ្រស្ថេរភាពក្នុងចំណោមសមាជិក។
លោក នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាបានផ្តួចផ្តើមសេចក្តីអំពាវនាវក្រុងភ្នំពេញដោយផ្អែកលើបទពិសោធន៍របស់ខ្លួនក្នុងការប្រយុទ្ធតាមព្រំដែនកាលពីឆ្នាំ២០២៥។ លោករំពឹងថា ឯកសារទាំងបីនឹងក្លាយជាលទ្ធផលនយោបាយសំខាន់នៃកិច្ចប្រជុំកំពូល ដែលមានប្រធានបទស្តីពីការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថេរភាពយូរអង្វែង។ ថ្នាក់ដឹកនាំក៏គ្រោងកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ លើវិស័យអប់រំ កិច្ចការយុវជន និងស្ត្រី សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ និងអភិបាលកិច្ច។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ថ្នាក់ដឹកនាំនឹងពិនិត្យរចនាសម្ព័ន្ធកម្មវិធីការងាររបស់ OIF សម្រាប់ឆ្នាំ២០២៤–២០២៧ និងពិចារណាទិសដៅយុទ្ធសាស្ត្ររបស់អង្គការនាពេលខាងមុខ។
បេីតាម លោក នេត្រ ភក្ត្រា របៀបវារៈការពិចារណាលើពាក្យសុំចូលជាសមាជិក សំណើផ្លាស់ប្តូរឋានៈសមាជិក និងការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការរបស់អង្គការផងដែរ។
សូមបញ្ជាក់ថា សម្តេចធិតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ក្នុងពិធីបើកកិច្ចប្រជុំកំពូលថា ការខូចខាតនៅប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី គឺបណ្តាលមកពីការឈ្លានពានប្រដាប់អាវុធខុសច្បាប់របស់យោធាថៃមកលើកទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥។ ទន្ទឹមនេះប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅតែមិនអាចត្រលប់ទៅលំនៅឋានរបស់ពួកគេវិញ ហើយការវិលត្រលប់ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៅតែជាអាទិភាព៕